ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត​ នៅព្រឹកស្អែកនេះ!

ចែករំលែក៖

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (astrazeneca) នៅមន្ទីរពេទ្យកាល់ម៉ែត។

សូមជម្រាបថា​ ក្រៅតែពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតហើយនោះ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត ក៏នឹងត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា នៅថ្ងៃស្អែកនេះផងដែរ។ បន្ទាប់ពីការចាក់វ៉ាក់សាំង សម្តេចតេជោ ក៏នឹងធ្វើសន្និសីទព័ត៌មានពាក់ព័ន្ធវ៉ាក់សាំង និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII ដែលសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងមន្ត្រីជាន់ខ្ពស់កម្ពុជា ចាក់នៅថ្ងៃស្អែកនេះ គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ ត្រូវបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ ចំពោះ​​វ៉ាក់សាំងរបស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកានេះ មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះទើបសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ។

គួរ​រម្លឹក​ថា​ សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ។ តែត្រូវបានអាកខានទៅវិញ ដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។

ដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ គឺជាយន្តការ និងវិធីសាស្ត្រថ្មីមួយទៀត ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឹកូវីដ១៩ និងការបង្កទុក្ខទោសដល់សុខភាពរបស់ប្រជាពលរដ្ឋ។ ការចាក់វ៉ាក់សាំង ក៏ជាក្តីសង្ឃឹមមួយសម្រាប់ប្រទេសនីមួយៗក្នុងការបើកដំណើរការប្រទេស និងស្តារសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញផងដែរ។

ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ លើកដំបូងកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិន។

បច្ចុប្បន្ន​កម្ពុជា​ បានចាក់លើកងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលសរុបប្រមាណ ១០៨,៤០៩នាក់ ខណៈអ្នកចាក់លើកទី២ បានចំនួន ៥,៨៧៤នាក់​ នេះបើ​គិតមកដល់ត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ។ ដោយឡែក​ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល កំពុងពង្រីក និងពន្លឿនការចាក់វ៉ាក់សាំងនេះ ជូនជនគោលដៅ និងអាទិភាព។

គួរបញ្ជាក់ថា​ ការអញ្ជើញចាក់វ៉ាក់សាំងរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញថា ជាការជួយជំរុញ និងលើកទឹកចិត្តបន្ថែមឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។ ការចាក់នេះ ក៏ជាការផ្តល់នូវទំនុកចិត្តបន្ថែមជូនប្រជាពលរដ្ឋសម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩នេះផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖