ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកប្រទេសនីហ្សេរីយ៉ា និង កេនយ៉ាដែលត្រៀមប្រកួត Miss Grand International នៅប្រទេសថៃរកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

អន្តរជាតិ៖ កញ្ញាឯក២នាក់ដែលជាបេក្ខភាពមកពីប្រទេស នីហ្សេរីយ៉ានិងកេនយ៉ា ត្រូវបានគេរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ដែលការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ដោយគេហទំព័រផ្លូវការរបស់កម្មវិធី Miss Grand International។
កញ្ញាឯក កេន យ៉ា ត្រូវបានគេស្គាល់ឈ្មោះថា កញ្ញា Irene Ngendo Muki និងកញ្ញាឯក នី ហ្សេរីយ៉ា កញ្ញា Chikaodili Enobongnna Udosen។ ពួកគេបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃកាលពីដើមសប្តាហ៍នេះដើម្បីត្រៀមចូលរួមប្រកួតកម្មវិធីសម្រស់ Miss Grand International ដែលមានបេក្ខភាពបេក្ខជនមកពីបណ្តាប្រទេសជាង៦០មកពីជុំវិញពិភពលោកចូលរួមប្រកួត។
គេហទំព័រផ្លូវការរបស់កម្មវិធី Miss Grand International បានលើកឡើងថា ក្រោមការធានារ៉ាប់រងជាមួយនឹងគ្រប់គ្រងដោយទៀងទាត់នៃជំងឺកូវីដ-១៩ លទ្ធផលតេស្តបានបង្ហាញថា បេក្ខភាពកញ្ញាឯកមកពីប្រទេសនីហ្សេរីយ៉ា និងមកពីប្រទេសកេនយ៉ា ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩។ ប្រភពដដែលលើកឡើងដែរថា កម្មវិធី Miss Grand Internationalបានអនុវត្តតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាល រួមជាមួយដំបូន្មានវេជ្ជបណ្ឌិតគឺបានធ្វើការផ្លាស់ប្តូរបេក្ខជនទាំងពីរនាក់ទៅកាន់មន្ទីរពេទ្យ Piyavejដើម្បីបន្តទទួលការព្យាបាលបន្ត។ មានការលើកឡើងដែរថា សណ្ឋាគារដែលពួកគេបានស្នាក់នៅបានអនុវត្តគោលការណ៍ ASQ ស្តង់ដារ ដោយធ្វើអនាម័យគ្រប់តំបន់ទាំងអស់រួមទាំងបន្ទប់ស្នាក់នៅផង។ បេក្ខជនដែលនៅសល់ធ្វើតេស្តអវិជ្ជមាននិងបានស្វែងយល់ច្បាស់អំពីជំងឺកូវីដ-១៩។
បេក្ខនារីពីកម្ពុជាកញ្ញា លីវ ជីលី ក៏បានធ្វើដំណើរដើម្បី ចូលរួមប្រកួតកម្មវិធីនេះផងដែរ។ តាមការគ្រោងទុករបស់កម្មវិធីបេក្ខភាពកញ្ញាឯកទាំងអស់នឹងមកដល់ព្រះរាជាណាចក្រថៃនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះ ហើយពួកគេនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១៥ ទើបចាប់ផ្តើមកម្មវិធីសន្និសីទសារព័ត៌មានប្រកាសបើកកម្មវិធីរួមគ្នា និងថ្ងៃបន្ទាប់គឺជាកម្មវិធីទស្សនកិច្ច។ កម្មវិធីប្រកួតឈុតហែលទឹកនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនានេះបន្តបន្ទាប់ដោយវគ្គកិច្ចសម្ភាសន៍ ប្រកួតឈុតតំណាងជាតិ ការសមឆាក និងបញ្ចប់កម្មវិធីដោយការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១៕

ដោយ៖វឌ្ឍនា


ចែករំលែក៖