ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ ជិះម៉ូតូលឿនឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តlexus បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗកាលពីវេលាម៉ោង៩និង០០ នាទីយប់ថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២១ត្រង់ចំណុចមុខមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ១១៨ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូ ១គ្រឿងម៉ាក វីវ៉ាស៊េរីចាស់ ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 1L-1105 បើកបរដោយបុរសម្នាក់រួមដំណើរម្នាក់ទៀតអង្គុយនៅខាងក្រោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៣ទិសដៅ ពីជើងទៅត្បួង លុះមកដល់ផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-2799 បើកបរដោយបុរសម្នាក់ទិសដៅពីកើតមកលិច គោលបំណងចូលក្នុងមន្ទីរពេទ្យ តាមបណ្តោយផ្លូវ១១៨ ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យភាគីម៉ូតូរងរបួសធ្ងន់២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ខណ្ឌទួលគោកមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖ផេង ភាព


ចែករំលែក៖