ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និង ខេត្តសៀមរាប បានសហការគ្នាស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យដែលសម្លាប់នារីជាបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែតបានហើយ នៅវេលាម៉ោង៩យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ ។
ជនសង្ស័យត្រូវបាននគរបាលខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបាននៅក្នុងផ្ទះសំណាក់មួយកន្លែងឈ្មោះ ប៊ុនថា៣ ឋិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ មានករណីចាប់រំលោភសម្លាប់ទៅលើនារីវ័យជាង២០ម្នាក់ឈ្មោះ ហួន ស្រី ជាបុគ្គលិកកាស៊ីណូ ស្នាក់នៅបន្ទប់ជួលមួយកន្លែងឋិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមការស្តាប់ចម្លើយរបស់ឈ្មោះ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ់នេះប្រាកដមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះតែនាងមិនដឹងខ្លួននោះទេ។ នៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី០២ ខែមីនាឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់នារីរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលទៅក្នុងបន្ទប់ រួចចាប់នាងផ្តួលទៅលើការ៉ូ យកកូនកាំបិតភ្ជង់ទៅលើនាង។ បន្ទាប់មកខ្លួនក៏វាយចំពោះនាងបណ្តាលឲ្យនាងចុកឆ្អល់គ្មានកម្លាំងរើបម្រះ ហើយខ្លួនក៏បានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក ។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង ខ្លួនក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កនារីរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិឹងកន្លែង។ បន្ទាប់មករូបខ្លួនក៏បានប្រមូលយកសម្ភាររបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ១២០$ ហើយឡើងជិះរថយន្តឈ្នួលគេចខ្លួនមកខេត្តសៀមរាប តែម្តង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នគរបាលខេត្តសៀមរាប កំពុងធ្វើរបាយការណ៍ ដើម្បីប្រគល់ជូនទៅនគរបាលខេត្តបន្ទាយមានជ័យយកជនសង្ស័យទៅសួរនាំ និងចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា