ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសដាំទឹកទុកចោលកើតជាអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងទាំងស្រុងនៅសង្កាត់ក្បាលកោះ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ជាកូនម្ចាស់ផ្ទះបានដាំទឹកទុកចោលកើតជាអគ្គិភ័យឆាបឆេះផ្ទះអស់មួយខ្នងដែលហេតុការណ៍នេះបានកើតឡើងនៅម៉ោង៩និង៥០នាទី ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បើតាមសម្តីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុ គឺមានក្មេងប្រុសជាកូនម្ចាស់ផ្ទះអាយុ១០ឆ្នាំ បានយកអុសបង្កាត់ភ្លើងដើម្បីដាំទឹកទុកចោល ហើយកម្ទេចភ្លើងបានខ្ទាតទៅលើខោអាវជជុះ ទើបបង្កើតជាអគ្គិភ័យឆាបឆេះតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានទំនាក់ទំនងទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងផងដែរ។

បើតាមសម្តីលោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានឱ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះមានឈ្មោះសុខ ណារឿន ភេទស្រី អាយុ៦៣ឆ្នាំ ចំណែកផ្ទះជាប្រភេទឈើទំហំ៤ម៉ែត្រគុណ៥ម៉ែត្រ។
លោកអធិការបន្តថា ក្នុងប្រតិបត្តិការនេះដែរគឺប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿង ហើយភ្លើងបានរលត់នៅម៉ោង១០និង២០នាទីថ្ងៃដដែល៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖