ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនកាលពីម៉ោង១៩និង០០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ១៤៤ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណី ឆបោកម៉ូតូ ។
ជនរងគ្រោះឈ្មោះ សាក សុខឡាង ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ ចំណែកជនសង្ស័យឈ្មោះ ឡន ឌេឌេ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប ស្នាក់នៅផ្ទះកើតហេតុ។
លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឱ្យដឹងថា៖ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល ១AI-៧៤០៥ ទៅលេងផ្ទះជនសង្ស័យត្រូវជាសង្សារនៅចំណុចកើតហេតុ រួចជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះប្រាប់ថាទៅយកខ្សែដៃនៅម្តុំផ្សារកណ្តាលមួយភ្លែត! ហើយជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះយកទៅបញ្ចាំបានលុយ ៩០០ដុល្លារ យកលុយទៅលេងល្បែងស៊ីសង និងស៊ីចាយអស់។ លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះ និងក្រុមគ្រួសារឃើញជនសង្ស័យនៅភូមិកើតហេតុ ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់។
កន្លងមកជនសង្ស័យធ្លាប់ប្រើល្បិចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះទៅបញ្ចាំគេចំនួន២ដង ៖
លើកទី១ នៅថ្ងៃទី ១៣-០១-២០២១ យកទូរស័ព្ទដៃម៉ាក iPhone-១១ ពណ៌ស្វាយទៅបញ្ចាំបានលុយ ៤៥០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់។
លើកទី២ ថ្ងៃទី ១៥-០១-២០២១ យកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស រួមនឹងកាតគ្រីម៉ូតូទៅជាមួយផង មិនចាំស្លាកលេខ ទៅបញ្ចាំបានលុយ ១,៧០០ដុល្លារ ទៅលេងល្បែងស៊ីសង និងស៊ីចាយអស់ ៕
ដោយ៖សណ្តោស