សារព័ត៌មាន Bloomberg នៅថ្ងៃទី ៤ខែមីនា បានផ្សាយថា អតីតប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថានឹងចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។ ចំណែកកូនស្រីរបស់លោក គឺ នាង Ivanka Trump ឈរឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី កៀកស្មាជាមួយឱពុក ក្នុងការដឹកនាំអាមេរិក បើទទួលបានការគាំទ្រខ្ពស់។
សារព័ត៌មាន Vanity Fair បានដកស្រង់ប្រភពព័ត៌មានពី ទស្សនាវដ្តី New York ដែលបានផ្សាយថា លោកត្រាំ នឹងជ្រើសរើសកូនស្រីជាបេក្ខភាពអនុប្រធានាធិបតីអាមេរិក ។ តាមសារព័ត៌មានខាងលើ នាង Ivanka ក៏មានគោលបំណងចង់ក្លាយជាអនុប្រធានាធិបតីអាមេរិកផងដែរ។ កាលពីឪពុកនៅកាន់អំណាច នាង Ivanka ធ្វើជាទីប្រឹក្សាប្រធានាធិបតីនៅសេតវិមាន ។
តាមសារព័ត៌មាន Vanity Fair ប្រសិនបើនាងជាដៃគូក្នុងការបោះឆ្នោតប្រធានាធិបតីនិងអនុប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់នាងសម្រេចគោលដៅឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងពេលអនាគត ។
ជាមួយគ្នានេះដែរ អតីតលេខាព័ត៌មានរបស់លោកត្រាំគឺលោក Alyssa Farah បានបញ្ជាក់ថា ប្រសិនបើលោកត្រាំបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៅឆ្នាំ២០២៤ ហើយជ្រើសរើសស្ត្រីជាដៃគូសម្រាប់តំណែងអនុប្រធានាធិបតីនោះគឺជារឿងដ៏ប្រសើរបំផុត អាចអូសទាញអ្នកគាំទ្រ កាន់តែច្រើន ។
ប៉ុន្តែគេមិនទាន់ដឹងថា គណបក្សសាធារណរដ្ឋ យល់ព្រមឲ្យលោកត្រាំឈរឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២៤ដែរឬទេ ដោយសារតែលោកបានធ្វើឲ្យបែកបាក់ផ្ទៃក្នុងគណបក្សនេះ ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕ ដោយ៖ធីរីណា
រូបភាព៖ giaoducthoidai