កម្លាំងប៉ូលិសមីយ៉ាន់ម៉ា ឈប់ទទួលបញ្ជាពីកម្លាំងយោធា បង្ក្រាបក្រុមបាតុករ ហើយទៅចូលរួមធ្វើបាតុកម្មប្រឆាំង ការដឹកនាំដោយយោធាវិញ ។ នេះជាសកម្មភាពថ្មីធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ។ សកម្មភាពខាងលើ អាចនឹងមានការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិស និង កម្លាំងទាហានបង្ក្រាបបាតុកម្ម។
សារព័ត៌មាន The Irrawaddy បានផ្សាយថា កម្លាំងប៉ូលិសដែល បោះបង់តំណែងហើយចូលរួមធ្វើបាតុកម្មកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ មកទល់ពេលនេះមានប៉ូលិស ជាង ៦០០នាក់ បានចូលរួមធ្វើបាតុកម្ម ។ គិតត្រឹមពីថ្ងៃទី ៤ខែមីនា មានប៉ូលិស ជាង៥០០នាក់បានបោះបង់តំណែងចូលរួមជាមួយពលរដ្ឋប្រឆាំងយោធា ហើយនៅថ្ងៃទី៥ខែមីនា មានប៉ូលិស ១០០នាក់ទៀតបន្តចូលរួមធ្វើបាតុកម្មប្រឆាំងយោធា ។
ជាមួយគ្នានេះកម្លាំងប៉ូលិសដែលបោះបង់តំណែង ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ បានកើនឡើងខ្ពស់។ ក្រៅពីកម្លាំងប៉ូលិសសន្តិសុខ នៅមាន កម្លាំង ប្រឆាំងបទល្មើស កម្លាំងពិសេស កម្លាំងប៉ូលិសទេសចរណ៍…និងស្ថាប័នជាច្រើនទៀត បានចូលរួមធ្វើបាតុកម្មប្រឆាំងការដឹកនាំដោយយោធា ។
កម្លាំងប៉ូលិសម្នាក់នៅរដ្ឋធានីណៃពិដោ បានបញ្ជាក់ថា កម្លាំងប៉ូលិសដែលបោះបង់តំណែង រត់ចោលជួរទៅចូលរួមជាមួយពលរដ្ឋធ្វើបាតុកម្ម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ កម្លាំងប៉ូលិសផ្សេងទៀត គ្មានអារម្មណ៍បន្តធ្វើការបម្រើយោធាឡើយ។ ប៉ូលិសម្នាក់ឈ្មោះ Tin Min Tun បានសរសេរថា «ខ្ញុំមិនចង់បម្រើ ក្រោមការដឹកនាំរបស់យោធាឡើយ »។
ចំណែកកម្លាំងទាហានវិញមកទល់ពេលនេះមិនទាន់មានប្រតិកម្មជុំវិញ ការរត់ចោលជួររបស់កម្លាំងប៉ូលិសទៅចូលរួមបាតុកម្មប្រឆាំងយោធា។ កម្លាំងទាហានបានអំពាវនាវដល់កម្លាំងប៉ូលិសទាំងអស់វិលត្រឡប់មកធ្វើការវិញ ។
បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើនកម្តៅ បើទោះបីមានបានតុករជិត៦០នាក់ហើយបានស្លាប់ ដោយការប្រើហិង្សាពីកម្លាំងយោធា បង្ក្រាប៕ដោយ៖ធីរីណា
រូបភាព៖ The Irrawaddy