ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជាការដ្ឋានទ័ពពិសេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២

ចែករំលែក៖

ភ្នំពេញ៖ ថ្នាក់ដឹកនាំ នាយ និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេស ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ រួចរាល់ហើយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅបញ្ជាការដ្ឋានទ័ពពិសេស ធ្វើឡើង ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ដែលបានប្រព្រឹត្តិទៅនៅបញ្ជាការដ្ឋានទ័ពពិសេសដោយមានការចូលរួមពីនាយ និងពលទាហានជាច្រើនរូប ។ ការចាក់វ៉ាក់សាំងបានដំណើរទៅ ក្រោមកិច្ចសហការរវាងក្រុមការងារ នៃនាយកដ្ឋានសុខាភិបាល ក្រសួងការពារជាតិ ទីចាត់ការសុខាភិបាល អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងការិយាល័យ សុខាភិបាលកងទ័ពជើងគោក។

ឧត្តមសេនីយ៍ឯក ចាប ភក្តី ក្នុងនាមមេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស និងជំនួសមុខជូន មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរព និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងសូមសម្តែងនូវការដឹងគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជានិច្ចកាល សម្តេច តែងតែគិតគូ ស្វះស្វែងរកវ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីចាក់កាពារសុខភាពប្រជាពលរដ្ឋកម្ពុជាទាំងមូល។

សូមរំលឹកថា បញ្ជាការដ្ឋានទ័ពពិសេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ លើកទី១ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានចាក់ជូន នាយទាហាន នាយទាហានរង និងពលទាហាន សរុបចំនួន ៤,៤១០នាក់ មកពី អង្គភាព បញ្ជាការដ្ឋានទ័ពពិសេស, ការិយាល័យចំណុះកងទ័ពជើងគោក បញ្ជាការដ្ឋានបញ្ជូនសារ អគ្គបញ្ជាការ, និងវិទ្យាស្ថានកងរាជអាវុធហត្ថលើផ្ទៃប្រទេស(កំបូល)៕

ដោយ៖ សិលា


ចែករំលែក៖