ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់អង់គ្លេស៖​ ច្រានចោលព័ត៌មានថាខ្លួនកំពុងដណ្ដើមវ៉ាក់សាំង COVID-19 ពីប្រទេសក្រីក្រ

ចែករំលែក៖

អន្តរជាតិ​៖ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវ៉ាក់សាំងនៃចក្រភពអង់គ្លេស លោក ណាដហ៊ីម ហ្សាហាវី (Nadhim Zahawi) នៅថ្ងៃសុក្សទី០៥ ខែមីនា ឆ្នាំ២០២១​ បានច្រានចោល ការលើកឡើងដែលថាប្រទេសរបស់លោកកំពុងដណ្ដើមវ៉ាក់សាំង COVID-19 ពីបណ្ដាប្រទេសក្រីក្រ ដោយទទូចថាវ៉ាក់សាំង១០លានដូសមកពីប្រទេសឥណ្ឌានឹង ត្រូវចែកចាយនៅក្នុងចក្រភពអង់គ្លេស។

បើតាមសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់សម្តីរបស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវ៉ាក់សាំងរូបនេះ​ ថ្លែង​ប្រាប់​​ទីភ្នាក់ងារព័ត៌មាន AP ថា៖​ លោក បានទទួលស្គាល់ថាវិទ្យាស្ថាន Serum របស់ឥណ្ឌា​ ដែលត្រូវបានចាត់ទុកថាជាអ្នកផលិត វ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោក នឹងបញ្ជូនវ៉ាក់សាំង COVID-19 អភិវឌ្ឍឡើងដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca មកកាន់ចក្រភពអង់គ្លេស។

ដោយ​ឡែក​អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជា៖​ អង្គការគ្រូពេទ្យគ្មានព្រំដែន (Medecins Sans Frontieres) បានបង្ហាញការព្រួយបារម្ភថា​ ការបញ្ជូនវ៉ាក់សាំងពីឥណ្ឌា ទៅអង់គ្លេសដោយវិទ្យាស្ថាន Serum នឹងធ្វើឱ្យប៉ះពាល់ ឬកាត់បន្ថយការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ ក៏ប៉ុន្តែ លោក Zahawi បានច្រានចោលការព្រួយបារម្ភនេះ។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AP លោក​ ណាដហ៊ីម ហ្សាហាវី​ បានបញ្ជាក់ដូច្នេះថា៖ «ជាការពិត យើងអាចធានាបានថាវ៉ាក់សាំងដែល យើងទទួលបានពីក្រុមហ៊ុន AstraZeneca និងវិទ្យាស្ថាន Serum នឹងប៉ះពាល់ដល់ប្ដេជ្ញាចិត្តរបស់យើងចំពោះបណ្ដាប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម នោះទេ»។

ទាក់ទិននឹងបញ្ហានេះដែរ​ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កន្លងមក​បានសន្យាថា​ នឹងបរិច្ចាគវ៉ាក់សាំងដែលនៅសល់ដល់បណ្ដាប្រទេសដទៃ តែលោកមិនទាន់បាន កំណត់ពេលវេលាឡើយ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសទទួលបានសិទ្ធិទិញវ៉ាក់សាំង ៤៥៧លានដូស ពីក្រុមហ៊ុនជាច្រើនដែលនេះជាចំនួនច្រើនជាង៣ដង ដែលចាំបាច់សម្រាប់ចាក់ជូន ប្រជាជនរបស់ខ្លួន៕ដោយ​៖ស​ តារា​

រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវ៉ាក់សាំងនៃចក្រភពអង់គ្លេស លោក ណាដហ៊ីម ហ្សាហាវី (Nadhim Zahawi)

រូបថត​៖The politics sketch


ចែករំលែក៖