ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីលវាយប្រហារចំរោងចក្រចម្រាញ់ប្រេងនៅស៊ីរី ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

អង្គការសិទ្ធិមនុស្សស៊ីរី SOHR បានប្រកាសនៅថ្ងៃទី ៦ខែមីនាថា ការវាយប្រហារដោយមីស៊ីល ទៅលើទីតាំងចម្រាញ់ប្រេង បណ្តោះអាសន្ននៅភាគខាងជើងប្រទេសស៊ីរី បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង ២០នាក់រងរបួស ។
អង្គការ SOHR មានទីតាំងនៅក្នុងប្រទេសអង់គ្លេស បានប្រកាសឲ្យដឹងថា ការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់ពីនាវាចម្បាំងរបស់រុស្ស៊ីនិងសម្ពន្ធមិត្តរបស់រដ្ឋាភិបាលស៊ីរីទៅលើទីតាំងចម្រាញ់ប្រេងបណ្តោះអាសន្ននៅក្នុងខេត្ត Aleppo កាលពីយប់ថ្ងៃទី៥ខែមីនា បង្កឲ្យមានការឆាបឆេះយ៉ាងខ្លាំង នៅក្នុងតំបន់ដែលគ្រប់គ្រងដោយកម្លាំងទាហានតួកគី។
អង្គការ SOHRបានបញ្ជាក់ថា មានមនុស្ស៤នាក់ស្លាប់និង២៤នាក់រងរបួស ក្នុងការវាយប្រហារដោយមីស៊ីល ។ ប្រធាន SOHR លោក Abdul Rahman បានបញ្ជាក់ថា មានទាហានក្រុមឧទ្ទាមម្នាក់ស្លាប់ក្នុងការវាយប្រហារនោះ ។ ក្រុមជួយសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រងភ្លើងឆេះបាន។
ទីតាំងចម្រាញ់ប្រេងគ្រប់គ្រងដោយប្រទេសតួកគី ក្នុងខេត្តAleppo រងការវាយប្រហារជាច្រើនលើក កន្លងមក។ ការវាយប្រហារនោះត្រូវបានគេចាត់ទុកថាជាសកម្មភាព របស់រុស្ស៊ី និងស៊ីរី ប៉ុន្តែមកទល់ពេលនេះប្រទេសទាំងពីរបានបដិសេធមិនទទួលស្គាល់ឡើយ ។
សង្គ្រាមនៅក្នុងប្រទេសស៊ីរី បណ្តាលឲ្យមនុស្សជាង ៣៨៧ ពាន់នាក់ស្លាប់ និងរាប់លាននាក់ ត្រូវភៀសខ្លួនទៅកាន់ប្រទេសជិនខាងចាប់តាំងពីឆ្នាំ២០១១ មកទល់ពេលនេះ ។ ប្រទេសដែលពលរដ្ឋស៊ីរីភៀសខ្លួនទៅច្រើនជាងគេ គឺប្រទេសតួកគី ។ ជាមួយគ្នានេះតួកគីក៏បានដណ្តើមគ្រប់គ្រងដែនដីស៊ីរី យ៉ាងធំហើយក៏មានទាំងថាមពលប្រេងជាច្រើនផងដែរ ៕

ដោយ៖ធីរីណា (រូបភាព៖ giaoducthoidai)


ចែករំលែក៖