ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យការហ្វឹកហ្វឺន បណ្តុះបណ្តាលដល់កងកម្លាំង ដេីម្បីត្រៀមចូលរួមអន្តរាគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ របស់អនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅកងពលតូចលេខ៧០។
គួរជម្រាបថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចបង្កើតអនុគណៈកម្មការគ្រប់គ្រងសន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមគោលដៅ និងតំបន់ចត្តាឡីស័កដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាប្រធាន អមដោយអនុប្រធាន អចិន្ដ្រៃយ៍ ០១នាក់ អនុប្រធាន០៤នាក់ និងសមាជិក០៨នាក់។
លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើងគឺ ដេីម្បីផ្សាព្វផ្សាយនូវបទដ្ឋានប្រតិបត្តិ សម្រាប់ការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៅតាមគោលដៅនិងតំបន់ចត្តាឡីស័ក។ ជាពិសេសការបណ្តុះបណ្តាលអំពីនីតិប្រតិបត្តិស្តង់ដា ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ជំងឺកូវីដ១៩ នៅនៅកម្ពុជា៕
ដោយ៖ សិលា