ខេត្តរតនគិរី៖ មនុស្ស៣នាក់បានស្លាប់ជាបន្តបន្ទាប់គ្នានិង២នាក់ទៀតរងរបួសធ្ងន់ដោយសារតែគោយន្តច្នៃមួយគ្រឿងបើកបរចុះចំណោតបុកម៉ូតូជ្រុលចង្កូតក្រឡាប់ធ្លាក់ផ្លូវរងរបួសនិងស្លាប់មនុស្សរដូករណែលពេញផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គោយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់និងរបួសនេះបានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២១នៅត្រង់ផ្លូវក្រាលក្រួសក្រហមអភិវឌ្ឈន៍ជនបទ ដែលគោយន្តច្នៃបានបើកចុះចំណោតទៅរមណីយដ្ឋានអូរសុិនលែរ៍ស្ថិតក្នុងភូមិឡូន សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
តាមប្រភពបានឱ្យដឹងថា ក្នុងហេតុការណ៍នោះបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់បន្តបន្ទាប់គ្នានិងរងរបួសធ្ងន់ពីរនាក់ ប៉ុន្តែសមត្ថកិច្ចពុំទាន់បានបង្ហាញអត្តសញ្ញាណអ្នករងគ្រោះនៅឡើយទេ។
ប្រភពបន្តថា មុនកើតហេតុគេឃើញគោយន្តច្នៃបើកបរចេញពីទីរួមខេត្តឆ្ពោះទៅរមណីយដ្ឋានអូរសុិនលែរ៍ក្នុងឃុំសេដា ស្រុកលំផាត់ លុះមកដល់ចំណុចកើតហេតុផ្លូវចុះចំណោតក៏ប៉ះកៀរគ្នាជាមួយម៉ូតូមួយគឿងម៉ាកហុងដាឌ្រីមសេ១២៥បើកបរដោយស្រ្តីម្នាក់។
ក្រោយពីប៉ះគ្នាជាមួយម៉ូតូមួយគ្រឿងនោះអ្នកបើកបរគោយន្តច្នៃបានបួងចង្កូតគេចក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត
ម៉ាកសុីរុសបើកបរក្នុងទិសដៅស្របគ្នានៅពីមុខពេញទំហឹងបណ្តាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុម្នាក់និងនៅពេលបញ្ជូនដល់មន្ទីរពេទ្យម្នាក់។
ឯគោយន្តច្នៃក្រោយពីបន្តបុកម៉ូតូមួយគ្រឿងទៀតហើយក៏រេចង្កូតយ៉ាងខ្លាំងជ្រុលទៅធ្លាក់ផ្លូវក្រឡាប់បណ្តាលឱ្យអ្នកបើកបរធ្លាក់មកដីហើយត្រូវគោយន្តកិនស្លាប់ភ្លាមដែរនិងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍បានចុះដល់កន្លែងកើតហេតុជួយធ្វើអន្តរាគមន៍បញ្ជូនអ្នករងរបួសទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ ហើយសាកសពត្រូវបានខាងក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ ឯមធ្យោបាយបង្កត្រូវរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគរង់ចាំដោះស្រាយតាមក្រោយ៕
ដោយ៖ជីវ័ន្ដ