អន្តរជាតិ៖ ខណៈដែលអង្គការសុខភាពពិភពលោក(WHO) ពន្យារពេលក្នុងចេញផ្សាយនូវរបាយការណ៍បឋមចំពោះប្រភពនៃជំងឺកូវីដ-១៩ បន្ទាប់ពីខ្លួនបានស៊ើបអង្កេតរួចរាល់កាលពីខែកុម្ភៈ កន្លងទៅ។ ស្រាប់តែថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្ត្រចំនួន២៦រូប បានចុះហត្ថលេខាងលើលិខិតចំហមួយនៅថ្ងៃទី៤ ខែមីនា ជូនទៅអង្គការWHO ដេីម្បីទាមទារឲ្យមានការស៊ើបអង្កេតជាថ្មី នៃប្រភពជំងឺមួយនេះ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកជំនាញទាំងនេះ អះអាងថា អ្នកជំនាញកោសល្យវិច្ឆ័យគួរណាស់តែធ្វើការស៊ើបអង្កេតលើប្រភពនៃជំងឺ ជំនួសឲ្យWHO។
បេីតាមការលេីកឡេីងនៅក្នុងលិខិតចំហ ដែលផ្ញើទៅកាន់WHO បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសន្និដ្ឋានថាក្រុមការងាររួមមិនមានអំណាច ឯករាជ្យភាព និងការទទួលបានដោយពេញលេញក្នុងការធ្វើស៊ើបអង្កេតដោយគ្មានការរឹតត្បិត ស្តីពីសម្មតិកម្មពាក់ព័ន្ធទាំងអស់នៃវីរ៉ុសSARS-CoV-2 និងថាតើចេញពីធម្មជាតិឬឧបទ្ទវហេតុដែលចេញពីមន្ទីរពិសោធន៍ឬយ៉ាងណា»។
ជាក់ស្ដែងបេសកកម្មនេះ ក៏រងការរិះគន់ផងដែរចំពោះពឹងផ្អែកលើទិន្ន័យដែលផ្តល់ដោយអ្នកវិទ្យាសាស្ត្រចិន។ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រទាំងនោះ អះអាងថា ចិនបដិសេធក្នុងការផ្តល់សំណាកសំខាន់ៗដល់ក្រុមអ្នកជំនាញអន្តរជាតិរបស់WHO ហើយបន្ថែមថាសម្ពាធពីបក្សកុម្មុយនីស្តចិនប្រហែលជាអាចកំណត់ឯករាជ្យភាពរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិនក្នុងការធ្វើការជាមួយអ្នកជំនាញWHO។
បេីតាមលោកColin Butler អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ទាក់ទងនឹងបញ្ហានេះដែរ បាននិយាយថា បញ្ហានយោបាយបានបិទបាំងការស៊ើបអង្កេតនេះ។ អ្នកស្រាវជ្រាវរូបនេះ បន្តថា នយោបាយមាននៅគ្រប់ទីកន្លែង ប៉ុន្តែវាអាក្រក់ដោយសារជំងឺនេះផ្ទុះនៅប្រទេសចិន។ លោកថារដ្ឋាភិបាលចិន មានជំហរការពារខ្លាំងណាស់។
ដោយឡែកបេីយោងតាមសារព័ត៌មានអូស្ត្រាលី The Age ចុះផ្សាយនៅថ្ងៃទី៥ ខែមីនា ដោយដកស្រង់សម្តីអ្នកស្រាវជ្រាវអូស្ត្រាលីមួយរូបទៀត គឺលោកNikolai Petrovsky ក៏បាននិយាយដែរថា នាពេលនេះសាធារណៈជនពុំមានព័ត៌មានអ្វីស្តីពីជំងឺកូវីដ-១៩ច្រើនជាងពេលជំងឺនេះផ្ទុះកាលពី១ឆ្នាំមុនឡើយ។ លោកថាការស៊ើបអង្កេតរបស់WHOបង្ហាញពីភាពចាំបាច់ក្នុងការបង្កើតរចនាសម្ព័ន្ធ កិច្ចព្រមព្រៀងឬសន្ធិសញ្ញាអន្តរជាតិ ឬស្ថាប័នថ្មីមួយទៀតដើម្បីគ្រប់គ្រងស្ថានការណ៍ខាងលើនេះ។
បន្ថែមពីនេះលោកPetrovsky បន្តថា អង្គការសុខភាពពិភពលោក មិនមែនជាស្ថាប័ន ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវពីប្រភពនៃជំងឺឡើយ។ លោក បន្តថា WHO៖ គ្រាន់តែជាស្ថាប័នទទួលបន្ទុកសុខភាពសាធារណៈ និងមិនមែនជាស្ថាប័នស៊ើបអង្កេតបែបកោសល្យវិច្ឆ័យឡើយ។
សូមជម្រាបថា ចំពោះបេសកកម្មWHO និងអ្នកវិទ្យាសាស្ត្រចិន បានធ្វើបទបង្ហាញដំបូងនៅខែកុម្ភៈស្តីពីលទ្ធផលនៃការស៊ើបអង្កេត។ គ្រានោះ លោក Liang Wannian ដែលដឹកនាំក្រុមការងារអ្នកវិទ្យាសាស្ត្រចិនក្នុងបេសកកម្មរួមជាមួយ WHO និយាយថា ក្រុមអ្នកជំនាញមិនទាន់រកឃើញសត្វដែលផ្ទុកជំងឺកូវីដ-១៩ មុនចម្លងទៅមនុស្សឡើយ។ លោក Liang អះអាងថា ការសិក្សាក៏បង្ហាញដែរថា មេរោគអាចស្ថិតក្នុងរបស់ត្រជាក់ដែលនាំចូលពីទីឆ្ងាយ ហើយជំងឺកូវីដ-១៩ពុំបានឆ្លងសាយភាយក្នុងក្រុងវូហាន មុនខែធ្នូ ឆ្នាំ២០១៩ឡើយ។
ជាមួយគ្នានេះ អ្នកជំនាញWHO លោកBen Embarak នាសន្និសីទដដែល លោក Embarak ក៏បាននិយាយថា ការធ្លាយវីរុសពីកន្លែងពិសោធនៅវូហាន ក៏មិនអាចកើតឡើងដែរ។ ដូចនេះ បើតាមលោក Embarak អ្នកជំនាញមិនពិចារណាលើសម្មតិកម្មនេះឡើយ។
ចំណែកការបដិសេធសម្មតិកម្មមួយចំនួនដែលឈានដល់ការផ្ទុះឡើងនៃជំងឺ ក៏ជាចំណុចមួយដែលបានលើកឡើងក្នុងលិខិតនោះដែរ។ ជាក់ស្តែងលោកPetrovsky បានបញ្ជាក់បន្ថែមថា បើគេជឿថាសកម្មភាពរបស់មនុស្សមួយចំនួនអាចពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនៃជំងឺ នោះគេត្រូវយកលទ្ធភាពទាំងនោះមកពិចារណា។ អ្នកស្រាវជ្រាវអូស្ត្រាលីរូបនេះ ក៏បានសង្កត់ធ្ងន់ថា មានសម្មតិកម្មជាច្រើនដែលត្រូវយកមកវិភាគ ហើយមកដល់ពេលនេះលោកពុំទទួលបានការវិភាគបែបវិទ្យាសាស្ត្រណាមួយដែលឈានដល់ការលុបចោលនៃសម្មតិកម្មទាំងនោះឡើយ៕ដោយ៖ស តារា
រូបភាព៖ ការបង្ហាញរបស់WHO_និងអ្នកវិទ្យាសាស្ត្រចិនក្រោយបញ្ចប់បេសកកម្មនាខែកុម្ភៈកន្លងទៅនេះ