ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រី៤ក្រសួងជំនួបអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយ លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការ ចូលរួមពីសំណាក់ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងធនធានទឹក និង ឧតុនិយម និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញក្តីរំភើបរីករាយចំពោះការអភិវឌ្ឍស្ទើរលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីការបង្កើតគន្លងអប់រំដែលមានភាពបត់បែន ផ្សារភ្ជាប់ការអប់រំតាមបែបវិទ្យាសាស្ត្រជាមួយការអប់រំបច្ចេកទេស និង វិជ្ជាជីវៈ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ក៏ដូចជាការធានាឱ្យបាននូវការផ្លាស់ប្តូរដោយរលូនឈានទៅរៀនពេញមួយថ្ងៃ ដែលជាសកម្មភាពអាទិភាពមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Masato Kanda និងសហការី ដែលបានជ្រើសរើសកម្ពុជា ជាប្រទេសទី១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការបន្ទាប់ពីត្រូវបានតែងតាំងជាប្រធាន ADB  និងចូលរួមអបអរសាទរ លោក Masato Kanda ដែលបានចូលកាន់តំណែងជាប្រធានទី១១ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសចូលរួមចំណែកគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំជាច្រើនឆ្នាំកន្លងមកនេះ និងបានចែករំលែកពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់ក្នុងវិស័យអប់រំឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកវិស័យអប់រំ ជាអាទិភាព និងផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

គួរបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺជាដៃគូអភិវឌ្ឍពហុភាគីដ៏សំខាន់មួយរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអប់រំ ការគ្រប់គ្រងវិស័យសាធារណៈ ដោយឡែកចំពោះវិស័យអប់រំ ADB បាននិងកំពុងគាំទ្រលើការអនុវត្តគម្រោងចំនួន ៣ ដែលរួមមាន ៖ ១) គម្រោង Human Capital Competitiveness Project សម្រាប់ការអប់រំមធ្យម សិក្សា (២) កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP 2) និង (៣) គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP UP)៕

ដោយ៖ សូរិយា


ចែករំលែក៖