ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូទាក់ដៃចង្កូតគ្នាដូលចូលក្រោមកង់រថយន្តកិនស្លាប់អាណោចអាធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលបើកម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្ត ហើយត្រូវកង់រថយន្តនោះកិនស្លាប់តែម្ដង។ ករណីនេះបានកើតឡើងនៅថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង​ ១៨និង៥០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

    មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  ​អូន ចាន់ថា ភេទស្រី ​អាយុ​៣២ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្ត​កណ្ដាល​ (ស្លាប់នៅកន្លែងកើតហេតុ)បើកម៉ូតូម៉ាក Zoomer  ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ​ កណ្ដាល1AE-5917។ចំណែករថយន្តមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់។

     ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្តីរងគ្រោះខាងលើមានឈ្មោះ​ ​អូន ចាន់ថា បាន​បើកម៉ូតូមួយគ្រឿងម៉ាក Zoomer  ពណ៌ខ្មៅលាយលឿង ពាក់ស្លាកលេខ​ កណ្ដាល1AE-5917 បើកបរក្នុងទិសដៅ ពីជើងទៅត្បូង (តាខ្មៅ-ជ្រៃធំ)  លុះមកដល់កន្លែងកើតហេតុ ក៏បានប៉ះជាមួយដៃចង្កូតម៉ូតូមួយគ្រឿងទៀតដែលមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណ ហើយក៏បានដួលខ្ទាតទៅចូលក្រោមកង់រថយន្ដមួយគ្រឿងទៀត ដែលបើកបរច្រាសទិសគ្នា ក៏ត្រូវកង់រថយន្តនោះកិនបណ្ដាលឱ្យអ្នកបើកបរម៉ូតូ zoomer ស្លាប់នៅនឹងកន្លែងកើតហេតុ ។  

    ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះភ្លាមសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

    តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូទាំងពីរគ្រឿងមានការធ្វេសប្រហែស ខ្ជីខ្ជា​ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បើកបរក្នុងល្បឿនលឿន​ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖