ព័ត៌មានទាន់ហេតុការណ៍៖

លោក ចូ បៃឌិន៖ ដើម្បីទប់ទល់ឥទ្ធិពលចិន​ នឹងប្រមូលផ្តុំកម្លាំងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន

ចែករំលែក៖

អន្តរជាតិ​៖ បេីតាមការ​លេីក​ឡេី​ងរបស់អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី (Jen Psaki) បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារទី៩​ ខែមីនា​ ឆ្នាំ​២០២១ (ពេលវេលានៅវ៉ាស៉ីនតោន) ថា៖​ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នឹងបើកកិច្ចចរចារួមគ្នាជាលើកដំបូង នៅថ្ងៃសុក្រសប្ដាហ៍នេះ ជាមួយមេដឹកនាំអូស្រ្តាលី ឥណ្ឌា និងជប៉ុន ដែលនេះជាកិច្ចជំរុញឱ្យមានសម្ព័ន្ធមិត្តបួនផ្លូវ ដែលកំពុងតែរីកចម្រើនជារឿយៗ ដើម្បីធ្វើជាកម្លាំងរុញច្រាន ប្រឆាំងនឹងឥទ្ធិពលប្រទេសចិន។ ហេីយ​វានឹងក្លាយជាកិច្ចប្រជុំកំពូលជាលើកដំបូងមួយ សម្រាប់លោកប្រធានាធិបតី ចូ បៃឌិន ដែលបានប្តេជ្ញាធ្វើឱ្យសម្ព័ន្ធភាពនានា ជាមួយសហរដ្ឋអាមេរិករស់ឡើងវិញ បន្ទាប់ពីបានជួបភាពច្របូកច្របល់ កាលពីជំនាន់លោក ដូណាល់ ត្រាំ កាន់តំណែងជាប្រធានាធិបតី។

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីអ្នកនាំពាក្យសេតវិមាន លោកស្រី ចេន ផ្សាគី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកប្រធានាធិបតី ចូ បៃឌិន ធ្លាប់បាននិយាយរួចហើយ នៅក្នុងសុន្ទរកថាដំបូងស្ដីពីការចូលរួមឡើងវិញ ក្នុងប្រព័ន្ធពហុភាគីនិយមថា វាពិតជាមានសារៈសំខាន់ណាស់ ដែលយើងត្រូវធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូរបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈភាពតានតឹងកំពុងតែកើនឡើងយ៉ាងខ្លាំង ជាមួយប្រទេសចិន ដែលយើងនឹងមើលឃើញការជួបជុំគ្នាជាលើកដំបូង ជាមួយថ្នាក់ដឹកនាំ នៃបណ្ដាប្រទេសឥណ្ឌូ-ប៉ាស៉ីហ្វិកហៅកាត់ថា ក្វាដ (Quad)»។

អ្នកនាំពាក្យសេតវិមាន​រូបនេះ​ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះនឹងពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកដែលជាទស្សនវិស័យរួម និងការផ្លាស់ប្ដូរទស្សនៈគ្នា លើវិស័យជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការរក្សាតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានភាពសេរី និងបើកចំហ ព្រមទាំងរួមបញ្ចូលទាំងបញ្ហាប្រែប្រួលអាកាសធាតុ និងការឆ្លងរាតត្បាតជំងឺ COVID-19 ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាគ្នា កាលថ្ងៃទី១៨ ខែកុម្ភៈ ក្នុងចំណោមរដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសក្វាដ ដែលកាលណោះពួកគេបានធ្វើកិច្ចជំរុញរួមគ្នា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាឡើងវិញ។ បន្ទាប់ពីរដ្ឋប្រហារយោធា​ បានទម្លាក់រដ្ឋាភិបាល លោកស្រី អោង សាន ស៊ូ ជី (Aung San Suu Kyi) ចេញពីអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ៕

ដោយ​៖ស​ តារា


ចែករំលែក៖