ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពកំពូលអាមេរិកម្នាក់​ កំពុង​ព្រួយបារម្ភថា៖​ ០៦ឆ្នាំទៀត ចិននឹងវាយប្រហារកោះតៃវ៉ាន់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១​ បានដកស្រង់សម្តី​ លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ បានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។

លោក ហ្វីលីព ដេវីដសុន មេទ័ពកំពូលរបស់អាមេរិក​រូបនេះ​ បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំព្រួយបារម្ភថាពួកគេ (ចិន) កំពុងតែបង្កើនមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្លាប់អន្តរជាតិ… គឺនៅឆ្នាំ២០៥០…»។

ជាមួយគ្នានេះ​ មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ក៏បានសង្កត់ធ្ងន់ប្រាប់គណៈកម្មាធិការមួយ នៃព្រឹទ្ធសភាអាមេរិកថា៖ «កោះតៃវ៉ាន់ គឺពិតណាស់ថា ស្ថិតនៅក្នុងចំណោមមហិច្ឆតាមួយរបស់ពួកគេ។ ខ្ញុំគិតថា ការគំរាមកំហែងនឹងអាចកើតឡើង នៅក្នុងទសវត្សរ៍នេះ… ហើយអ្វីដែលជាការពិត… គឺយ៉ាងហោចណាស់នៅរយៈពេល ០៦ឆ្នាំខាងមុខ»។

ដោយឡែក​ចំពោះការលើកឡើងពីសំណាក់ មេទ័ពជើងទឹកអាមេរិកថា ចិននឹងវាយប្រហារកោះតៃវ៉ាន់នៅឆ្នាំ២០២៧នោះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ចិននៅឡើយនោះទេ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់បានផ្តាច់ខ្លួនចេញពីចិន ក្រោយសង្គ្រាមស៊ីវិលមួយបានបិទបញ្ចប់ កាលពីឆ្នាំ១៩៤៩។ ចំណែក​ទីក្រុងវ៉ាស៊ីនតោន បានលែងទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកមកទទួលស្គាល់ «នយោបាយចិនតែមួយ» វិញនៅឆ្នាំ១៩៧៩ ដែលប្រការនេះ គឺស្មើនឹងការទទួលស្គាល់ថា តៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនប៉ុណ្ណោះ៕ដោយ​៖ស​ តារា​

 

លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​

រូបថត​៖Michael Carpenter


ចែករំលែក៖