ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំង២នៅអង់គ្លេសឈ្នះដូចគ្នា ខណៈបិសាចក្រហមបានត្រឹមស្មើក្នុងជើងទី១ពានរង្វាន់ Europa League

ចែករំលែក៖

ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសទទួលបានជ័យជម្នះដូចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១។ ចំណែកក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមខ្លាំងមកពីអុីតាលី AC Milan ក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះមកពីក្រិច Olympiakos ក្នុងលទ្ធផល៣ទល់១។ ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ មីនានេះក្រុមភ្ញៀវ Arsenal បានគ្រប់គ្រងបាល់ច្រើនជាងក្រុមម្ចាស់ផ្ទះ ដោយមានរហូតដល់៥៩ភាគរយ ហើយក្រុមម្ចាស់ផ្ទះមានតែ៤១ភាគរយប៉ុណ្ណោះ។ ៣គ្រាប់របស់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal រកបានដោយកីឡាករ Odegaard នៅនាទីទី៣៧ គ្រាប់ទី២រកបានដោយកីឡាករ Gabriel Magalhães នៅនាទីទី៧៩ និងគ្រាប់ទី៣រកបានដោយកីឡាករ Mohamed Elneny នៅនាទីទី៨៥។ ចំណែក១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Olympiakos រកបានដោយកីឡាករ El-Arabi នៅនាទីទី៥៨។

លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំមានសង្ឃឹមច្រើនក្នុងការប្រកួតជើងទី២ ដោយបានយកឈ្នះក្រៅទឹកដីរហូតដល់ទៅ៣គ្រាប់ ដែលជាគ្រាប់បាល់ចំណេញក្រៅទឹកដីសម្រាប់ក្រុមមកពីអង់គ្លេសមួយនេះ។

ចំណែកក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុម Dinamo Zagreb មកពីក្រូអាតក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់របស់ក្រុមមាន់ខ្នាយមាសនេះរកបានដោយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane ទាំង២គ្រាប់គឺនៅតង់ទី១ នាទីទី២៥ និងនៅតង់ទី២នាទីទី៧០។

លទ្ធផលនេះក្រុមមាន់ខ្នាយមាសក៏មានសង្ឃឹមច្រើនដែរសម្រាប់ឡើងវគ្គបន្តក្នុងការប្រកួតជើងទី២ ក្នុងទឹកដីក្រុម Dinamo Zagreb ដែលចាំបាច់ក្រុមមាន់ខ្នាយមាស Tottenham ត្រូវយកឈ្នះ ឬទប់ត្រឹមស្មើក៏ឡើងទៅវគ្គ៨ក្រុមដែរ។

ដោយឡែកក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមភ្ញៀវ AC Milan ក្នុងលទ្ធផល១ទល់១ប៉ុណ្ណោះសម្រាប់ការប្រកួតជើងទី១។ ១គ្រាប់របស់ក្រុមបិសាចក្រហមរកបានដោយកីឡាករចំណូលថ្មីវ័យក្មេង Amad Diallo នៅនាទីទី៥០ ខណៈដែល១គ្រាប់របស់ក្រុមAC Milan រកបានដោយកីឡាករ Simon Kjaer នៅនាទីទី៩០+២ក្នុងម៉ោងបន្ថែម។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមចាំបាច់ត្រូវការឈ្នះក្នុងការប្រកួតជើងទី២ ជាមួយ AC Milan ឲ្យខាងតែបាន ដើម្បីមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយបន្តទៀត។ ចំណែកក្រុម AC Milan ក៏ចាំបាច់ត្រូវការឈ្នះដែរដើម្បីឡើងវគ្គ៨ក្រុមដូចគ្នា។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតជើងទី២ វគ្គជម្រុះ១៦ នឹងត្រូវប្រកួតនៅថ្ងៃទី១៩ ខែមីនា ដើម្បីរក៨ក្រុមចុងក្រោយទៅប្រកួតជម្រុះបន្តទៀត ៕

ដោយ៖ ភារៈ


ចែករំលែក៖