ព័ត៌មានទាន់ហេតុការណ៍៖

កំពុងតែអង្គុយលក់គ្រឿងញៀននគរបាលចុះទៅចាប់វាយខ្នោះបានម្នាក់រួមនឹងថ្នាំញៀន៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ឆ្មក់ចូលទៅចាប់វាយខ្នោះខណៈពេលកំពុងតែអង្គុយលក់ថ្នាំញៀន។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលគ្មានលេខ ក្រុមទី២ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ អុឹម សុភ័ស ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ត្រង់ចំណុចឃាត់ខ្លួន មុខរបរមិនពិតប្រាកដ។
លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលសង្កាត់ច្បារអំពៅទី២ បានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មទើបកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួននិងដកហូតគ្រឿងញៀនចំនួន៩កញ្ចប់ដែលជារបស់ជនសង្ស័យច្រកទុកសម្រាប់លក់ឲ្យម៉ូយបន្តនិងសម្រាប់ទុកជក់ខ្លួនឯងខ្លះ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖