ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកណ្ដាល សម្រេចយកវិទ្យាល័យ ហ៊ុន សែន រ៉ូតា ក្នុងស្រុកខ្សាច់កណ្ដាល ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ បន្ទាប់ពីមានការកើតឡើងជាបន្តបន្ទាប់ អាជ្ញាធរខេត្តកណ្ដាល បានសម្រេចយកវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា,នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចុះសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីជួរមុខរបស់ស្រុកខ្សាច់កណ្ដាល កងកម្លាំងមានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ នៅស្រុកខ្សាច់កណ្ដាល និងបានសម្រេចយក វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅស្រុកខ្សាច់កណ្ដាល។

មានប្រសាសន៍នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា មានទីធ្លាធំទូលាយ មានកន្លែងហាត់ប្រាណ គឺជាទីតាំងមួយដែលល្អ និងសាកសមបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ មកធ្វើចត្តាឡីស័កនៅទីនេះ។

មានក្នុងឱកាសនោះដែរលោកអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ដែលបានស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នាពេលកន្លងមក។ ជាងនេះទៅទៀត លោកអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ត្រូវខំបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល នៅក្នុងមូលដ្ឋានរបស់ខ្លួនបន្ថែមទៀត។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ទូទាំងស្រុកខ្សាច់កណ្ដាល មានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ចំនួន ៥៣៥នាក់ និងបានយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន៤៩៤នាក់។

សូមបញ្ជាក់ផងដែរថាគិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១១៥៣៨នាក់ យកសំណាកបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៥១២នាក់ នៅផ្ទះចំនួន ៩៨៣៨នាក់ មានករណីវិជ្ជមានចំនួន ៧៩នាក់ ករណីជាសះស្បើយចំនួន ៣នាក់ អ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កចំនួន ៥៣២នាក់៕

ដោយ៖ សិលា


ចែករំលែក៖