ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គឺជាការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍នៅកម្ពុជា ដែលមានវិសាលភាពធំធេង និងស្មុគស្មាញជាងព្រឹត្តិការណ៍មុនៗ ដោយសារការឆ្លងជាសហគមន៍លើកនេះ គឺបានឆ្លងរហូតដល់ទៅជិត៨០០ ករណីឯណោះ ក្នុងរយៈពេលមិនដល់មួយខែផង ហើយបានសម្លាប់ជីវិតពលរដ្ឋកម្ពុជាមួយរូបថែមទៀត ដូច្នេះសូមកុំមើលស្រាល ហើយធ្វេសប្រហែសចំពោះជំងឺនេះឱ្យសោះ។
ដោយសារតែសភាពការណ៍នៃការឆ្លងហាក់មិនស្រាកស្រាន្តសោះ ហើយចំនួនអ្នកឆ្លងចេះតែ កើនឡើងបែបនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញគ្រប់វិធានការនានា ដោយ រួមទាំងរៀបចំនូវសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ហើយច្បាប់នេះក៏បានចុះហត្ថលេខា និងបានអនុម័តជាបន្តបន្ទាប់ដោយរដ្ឋសភា ព្រឹទ្ធសភា និងចុះហត្ថលេខា ប្រកាសឱ្យប្រើដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ពី ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញនូវអនុក្រឹត្យថ្មីមួយ ដែលចែងពីវិធានសុខាភិបាលផ្សេងៗ ដែលមានតាំងពីការធ្វើអនាម័យ ការពាក់ម៉ាស ការធ្វើចត្តាឡីស័ក ការចាក់វ៉ាក់សាំង រហូតដល់ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩។
នៅក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុកដាក់ និងអនុវត្តការងារយ៉ាងម៉ត់ចត់ និងមានយុទ្ធសាស្រ្ត និងជំហាននៃការអនុវត្តច្បាស់លាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការចូលរួមពីយើងទាំងអស់គ្នាទេនោះ អ្វីៗក៏វាមិនអាចសម្រេចបានដែរ ដូច្នេះសូមចូលរួមអនុវត្តទាំងអស់គ្នា ជាពិសេសគឺវិធានការ « ៣ការពារ និង៣កុំ »។
តាំងពីរកឃើញនូវករណីដំបូងនៅចុងខែមករា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជាបានការពារ និងទប់ស្កាត់នៃការរីករាលដាលមេរោគនេះបានយ៉ាងជោគជ័យពេលដែលពិភពលោក ក៏ដូចជាបណ្តាប្រទេសនៅជិតខាង បានរងគ្រោះនឹងការរាតត្បាតមេរោគនេះជាបន្តបន្ទាប់។ ប៉ុន្តែការធ្វេសប្រហែស និងការមើលស្រាលសភាពការណ៍ របស់ជនមួយក្រុមចំនួនតូច បូករួមនឹងការធ្វេសប្រហែសរបស់សហគមន៍ ធ្វើឱ្យជំងឺនេះបានផ្ទុះ និងរីករាលដាលដ៏រហ័ស ដែលធ្វើឱ្យស្ថានការណ៍ ដែលមុនព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានត្រលប់ទៅប្រក្រតីភាពសឹងតែជិត ១០០ ភាគរយទៅហើយនោះ បានវិលមក រកសភាពការណ៍ធ្ងន់ធ្ងរកាន់តែខ្លាំង ដោយផ្តើមចេញពីការឆ្លងរីករាលដាលនៅរាជធានីភ្នំពេញ ហើយបន្តទៅខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង បាត់ដំបង កំពង់ធំ កោះកុង ។ល។ ហើយអាចនឹងរីករាលដាលបន្តទៀត ដូច្នេះទាំងអស់គ្នាសូមភ្ញាក់រលឹក និង កុំធ្វេសប្រហែសបន្តទៀត ។
ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក៏ដូចជាការបញ្ចប់ការឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងប្រទេស នឹងមិនអាចទៅរួចបានទេ ប្រសិនបើខិតខំតែថ្នាក់ដឹកនាំ ខំតែអាជ្ញាធរ ហើយ យើងទាំងអស់គ្នាជាពលរដ្ឋនៅតែធ្វេសប្រហែស ហើយមិនយកចិត្តទុកដាក់នឹងវិធានការ « ៣ការពារ និង៣កុំ » នោះ។ វិធានការ ៣ការពារ គឺ១. ពាក់ម៉ាស់ ២. លាងដៃ និង ៣. រក្សាគម្លាតបុគ្គលចាប់ពី ១,៥ ម៉ែត្រឡើង ហើយ ៣កុំ គឺ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២.កុំទៅកន្លែងមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ។ល។ ប៉ុន្តែ មកដល់ពេលនេះ បុគ្គលមួយចំនួន នៅតែមិនព្រមអនុវត្តតាម ហើយនៅតែផ្គើន ក៏ដូចជាមើលស្រាលចំពោះមេរោគនេះ។
ការរក្សាគម្លាតនៅតាមកន្លែងមួយចំនួនគឺនៅតែគ្មាន ជាពិសេសគឺនៅតាមផ្សារនៅក្នុងមូលដ្ឋាននានា នៅតាមដងផ្លូវនៅតែមានអ្នកធ្វើដំណើដោយមិនមានពាក់ម៉ាស នៅតាមកន្លែងខ្លះ នៅតែគ្មានការត្រួតពិនិត្យកំដៅ គ្មានឧបករណ៍សម្រាប់លាងសម្អាតដៃ ហើយសូម្បីតែ នៅកន្លែងទៅទទួលថ្នាំវ៉ាក់សាំងក៏មានបាតុភាពកកកុញដណ្តើមគ្នាចាក់ផងដែរ ។ ក្រៅពីនោះបុគ្គលមួយចំនួន គឺនៅតែបន្តជួបជុំគ្នាផឹកស៊ី សប្បាយ ដោយគ្មានការទទួលខុសត្រូវនៅក្នុងការបង្ការ និងទប់ស្កាត់មេរោគទៀត ។
ដូច្នេះ សូមចូលរួមអនុវត្តវិធានសុវត្ថិភាពទាំងអស់គ្នា ហើយសម្រាប់ក្រុមអាទិភាព ដែលរាជរដ្ឋាភិបាលប្រកាសឱ្យទទួលវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ សូមទៅចាក់ឱ្យបានគ្រប់ៗគ្នា ហើយអ្នកដែលមិនទាន់ដល់វេនសូមអត់ធ្មត់ រងចាំ ដោយរាជរដ្ឋាភិបាលបានធានារួចហើយថា វាក់សាំងនឹងមានសម្រាប់គ្រប់ៗគ្នា ជាពិសេសគឺ នៅក្នុងចំណោមប្រជាពលរដ្ឋពេញវ័យ។
សរុបមកវិញ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចប់ឫមិនចប់អាស្រ័យលើយើងទាំងអស់គ្នា ដូច្នេះចាប់ពីពេលនេះទៅសូមបញ្ឈប់ការមើលស្រាលមេរោគ ធ្វេសប្រហែសខ្លួន ហើយត្រូវតែព្យាយាមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ « ៣ការពារ និង ៣កុំ » ។ អ្នកដែលកើតជំងឺត្រូវខិតខំថែរក្សា និងបំប៉នសុខភាពតាមការណែនាំរបស់ក្រុមគ្រួពេទ្យ អ្នកដែលត្រូវធ្វើចត្តាឡីស័កត្រូវតែធ្វើដោយម៉ត់ចត់ ហើយអ្នកដែលសង្ស័យ ត្រូវតែទៅធ្វើតេស្តទោះយើងជានរណាក៏ដោយ ពីព្រោះកូវីដ-១៩វាអាចឆ្លងមិនថាយើងជាប្រជាពលរដ្ឋ អ្នកជំនួញ គ្រូពេទ្យ អ្នកនយោបាយ ឬ មេដឹកនាំនោះទេ តែប្រហែសគឺឆ្លងហើយ ៕
ដោយ៖ អ៊ុក ស៊ុនហេង