ព័ត៌មានទាន់ហេតុការណ៍៖

លីវ ជីលី ផ្ទុះការគាំទ្រខ្លាំងលើការប្រកួតតាមរយៈការបោះឆ្នោតមួយក្នុងកម្មវិធីប្រកួត Miss Grand International

ចែករំលែក៖

       ភ្នំពេញ៖ លីវ ជីលី កញ្ញាឯក Miss Grand Cambodia 2020 កញ្ញាបានសាងភាពភ្ញាក់ផ្អើលខ្លាំងលើកម្មវិធីប្រកួតតាមរយៈការបោះឆោតលើបណ្តាញសង្គម ដោយនាងទទួលបានការគាំទ្រច្រើនលើសលប់រហូតឈានទៅដល់ការស្វែងរកបេក្ខភាព៥នាក់ចុងក្រោយ ហើយនាងកំពុងរង់ចាំការគាំទ្រតាមរយៈការបោះឆ្នោតបន្ថែមពីទស្សនិកជន។

ទស្សនិកជនទាំងអស់អាចចូលទៅកាន់គេហទំព័រ Miss Grand International  ដើម្បីចូលធ្វើការចុច Like , Comment , Share លើរូបភាពភាពកញ្ញាឯកកម្ពុជាខណៈដែលការប្រកួតថ្មីនេះនាងកំពុងតែប្រជែងគ្នាយ៉ាងប្រកៀកប្រកិតជាមួយនឹងកញ្ញាឯកមកពីប្រទេសហ្វីលីពីន។ ការប្រកួតនេះមានឈ្មោះថា “Queen With the Golden Grown” ដែលតម្រូវឲ្យធ្វើការកាត់តរូបភាពរបស់បេក្ខនារីទាំងអស់ជាមួយការគ្រងមកុមាសរបស់ Miss Grand International  ២០២០២០២១។ ការបញ្ចប់ការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះត្រឹមម៉ោង៣រសៀល មុនពេលការប្រកាសលទ្ធផល សម្រាប់ពិន្ទុដែលត្រូវផ្តល់ជូនមាន ចុចLike ស្មើនឹង១ពិន្ទុ ចុចShare ស្មើនឹង២ពិន្ទុ។ ពេលនេះនាងបានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃ ហើយគេក៏បានឃើញកញ្ញាឯកពីកម្ពុជារូបនេះបានបញ្ចេញវីដេអូទៅកាន់អ្នកផលិតកម្មវិធី ដោយការនិយាយជាភាសាអង់គ្លេស លាយគ្នានឹងភាសាថៃ ក្នុងការស្វាមគន៍ ថ្លែងអំណរគុណសម្រាប់ការស្វាគមន៍របស់អ្នកផលិតកម្មវិធី និងផ្ញើសារអរគុណទៅកាន់អ្នកគាំទ្រដែលបានជូនពរនាងផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺរូបសម្រស់របស់នាងកាន់តែស្រស់ស្អាតប្លែកគួរឲ្យទាក់ទាញ ហើយសមត្ថភាពនៃការដើរបង្ហាញម៉ូតរបស់នាងក៏បានវិវឌ្ឍន៍លឿនគួរឲ្យសរសើរផងដែរ។ តាមការគ្រោងទុករបស់កម្មវិធីបេក្ខភាពកញ្ញាឯកទាំងអស់នឹងមកដល់ព្រះរាជាណាចក្រថៃនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១  ហើយពួកគេនឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ រហូតដល់ថ្ងៃទី១៥នេះ ទើបចាប់ផ្តើមកម្មវិធីសន្និសីទសារព័ត៌មានប្រកាសបើកកម្មវិធីរួមគ្នា  កម្មវិធីប្រកួតឈុតហែលទឹកនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែមីនានេះបន្តបន្ទាប់ដោយវគ្គកិច្ចសម្ភាសន៍ ប្រកួតឈុតតំណាងជាតិ ការសមឆាក និងបញ្ចប់កម្មវិធីដោយការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនាឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា កញ្ញា លីវ ជីលី Miss Grand Cambodia 2020 បានធ្វើដំណើរទៅដល់ព្រះរាជាណាចក្រថៃកាលពីថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ក្រោយពីមកដល់ទីនេះគឺបានបង្ហាញសមត្ថភាព និងរូបសម្រស់ដ៏គួរឲ្យទាក់ទាញខ្លាំងប្រកបដោយទំនុកចិត្តរហូតធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរខ្លាំងថាពិតជាមិនធម្មតា។  លីវ ជីលីគឺជាអតីតកញ្ញាឯករងលំដាប់ទី២ បានក្លាយជាម្ចាស់មកុ Miss Grand Cambodia 2020 កញ្ញា សេង រដ្ឋា និងកញ្ញា លឹម សុធាវី ម្ចាស់តំណែងរងលំដាប់ទី១បានសម្រេចចិត្តបោះបង់តំណែង ក្រោយលេចចេញភាពចម្រូងចម្រាស់ជាមួយក្រុមហ៊ុនផលិតកម្មវិធី។ នាងមានអាយុ២៤ឆ្នាំ កម្ពស់១,៧០ម៉ែត្របញ្ចប់ការសិក្សាត្រឹមឆ្នាំទី៣នៃជំនាញហិរញ្ញវត្ថុធនាគារ   មុនពេលចាកចេញពីកម្ពុជាកញ្ញាឯកវ័យ២៤ឆ្នាំ ស្នើឲ្យមហាជនពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត បញ្ចេញមតិក្នុងន័យកែលម្អជាជាងការរិះគន់បែបជាន់ពន្លិច  និងបញ្ចប់ការគិតថាត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក  ខណៈដែលពេលនេះនាងក៏ត្រូវការកម្លាំងចិត្តដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖