ខេត្តកំពត៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃចន្ទទី១៥ ខែមីនា ឆ្នាំ២០២១នេះ ស្តីពីការផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានាបណ្តោះអាសន្តក្នុងភូមិសាស្ត្រខេត្តកំពត។
រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមវិធានការ “៣កុំ និង ៣ការពារ” កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់ និងដើម្បីកាត់ផ្តាច់នូវខ្សែចម្លងចូលក្នុងសហគមន៍។ រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក លោក លោកស្រីមេឃុំ-ចៅសង្កាត់ ដូចខាងក្រោម៖
១. ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំបនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។
២. ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែលបានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្អាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២សប្តាហ៍សិន។
៣. លិខិតរដ្ឋបាលខេត្ត ដែលចេញនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឲ្យលើសពី ៥នាក់(ប្រាំនាក់)ក្នុងមួយតុ។
៤. ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតែបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់៕
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់រដ្ឋបាលខេត្តកំពត មានដូចខាងក្រោម៖
ដោយ៖ស តារា