ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញ សហការជាមួយអាជ្ញាធរនៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ ចុះយកបុគ្គលិកបម្រើការងារនៅហាងមួយកន្លែងយីហោ”Metro Azura TK” ចំនួន២នាក់ ក្រោយតេស្តរកឃើញកើតជំងឺកូវីដ១៩ ដេីម្បីយកទៅកាន់កន្លែងព្យាបាល។
បេីតាមមន្រ្តីសាលាខណ្ឌទួលគោក បានឲ្យដឹងនៅយប់ថ្ងៃអាទិត្យ ទី១៤ ខែមីនាថា បុគ្គលិកទាំង២រូបនេះ មានការសង្ស័យឆ្លងពីតារាចម្រៀង សុគន្ធ នីសា ដែលបានចូលទៅក្នុងហាង។ បុគ្គលិកទាំង២នាក់នេះជានារីមានអាយុ១៩ឆ្នាំ និង២៧ឆ្នាំ រស់នៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងខណ្ឌទួលគោក។
អាជ្ញាធរ បានបញ្ជាក់បន្ថែមទៀតថា កន្លងទៅតារាចម្រៀង សុគន្ធ នីសា ធ្លាប់បានចូលទៅក្នុងហាងនេះ។ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចតេជោ បានចុះយកសំណាកមនុស្ស ៥០នាក់ ក្នុងនោះមានស្រី២៦នាក់ ដែលបម្រើការងារក្នុងហាង និងជាអ្នកពាក់ព័ន្ធ៕ដោយ៖ស តារា