ព័ត៌មានទាន់ហេតុការណ៍៖

«គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្ញុំលើកនេះ គឺទស្សនាទីកន្លែងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»

ចែករំលែក៖

ទីក្រុងសៀងហៃ៖ នាវេលព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីកន្លែងកំណើតនៃបក្សកុម្មុយនិស្តចិន ពោលគឺជាទីតាំងដែលត្រូវបានប្រារព្ធឡើងដោយសម្ងាត់នូវសមាជបក្សលើកទី១ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩២១ ដែលសមាជជាតិលើកដំបូងរបស់បក្សកុម្មុយនិស្តចិនបានបើកនៅទីនេះមានតំណាងសរុប ១៣ នាក់មកពីអង្គការបក្សកុម្មុយនិស្ត ៧ បានចូលរួមកិច្ចប្រជុំរបស់ពួកគេ តំណាងឱ្យសមាជិកគណបក្សជាង ៥០ នាក់នៅទូទាំងប្រទេស។ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជឱង្ការនាសវនាការជាមួយ លោក Li Qiang លេខាធិការនៃគណៈកម្មាធិការគណបក្សក្រុងសៀងហៃ និងលោក Gao Zheng អភិបាលក្រុងសៀងហៃ នាវេលារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ថា «ខ្ញុំពិតជាមានអារម្មណ៍រំភើបរីករាយ និងកត្តិយសដ៏ខ្ពង់ខ្ពស់ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃនាឱកាសនេះ ហើយគោលបំណងដ៏សំខាន់មួយនៃដំណើរទស្សនកិច្ចរបស់ខ្ញុំ គឺទស្សនាទីតាំងសមាជលើកទី១ នៃបក្សកុម្មុយនិស្តចិន»។ បន្ទាប់ពីបានបំពេញព្រះរាជទស្សនកិច្ច និងទ្រង់ព្រះសណ្តាប់អំពីប្រវត្តិសាស្រ្តលម្អិត នៃទីតាំងសមាជលើកទី១រួចមក ព្រះអង្គ សព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថ្លែងនាឱកាសនោះថា «ទីនេះគឺជាទីកន្លែងដែលមានសារៈសំខាន់ខាងនយោបាយ និងប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ទីតាំងនៃសមាជជាតិលើកទី ១ របស់បក្សកុម្មុយនិស្តចិន បានឲ្យយើងមើលឃើញពីប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តចិន ដែលបានឆ្លងកាត់ការលំបាកយ៉ាងច្រើនក្នុងការកសាងប្រទេស និងបម្រើប្រជាជន។

គួរបញ្ចក់ផងដែរថា ព្រះករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​​ឯក​រាជ្យ​ បូរណភាពទឹកដី​ និងឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គធ្លាប់បានបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីតាំងដ៏មានសារៈសំខាន់ខាងលើនេះចំនួន២លើក គឺនៅក្នុងឆ្នាំ ១៩៦៣ និងឆ្នាំ១៩៧២៕

ដោយ៖ សិលា


ចែករំលែក៖