ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់ក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ នៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ សម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានសរសេរថាសូមអរគុណនិងវាយតម្លៃខ្ពស់ចំពោះវិភាគទានមិនអាចកាត់ថ្លៃបានរបស់ក្រុមគ្រូពេទ្យ និងមន្រ្តីជំនាញពាក់ព័ន្ធដែលបានលះបង់ដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។

សម្ដេចប្រធានរដ្ឋសភាមានប្រសាសន៍ថា”ក្នុងនាមរដ្ឋសភា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ពេលវេលា និងបញ្ចេញអស់នូវកម្លាំងកាយចិត្តដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននឹងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច-សង្គមជាតិយើង”។

សម្តេចអគ្គមហាពញចក្រីហេងសំរិនបានបន្តថា”ខ្ញុំសូមឆ្លៀតយកឱកាសនេះ ក្រើនរំលឹកជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ឱ្យបន្ត លើកកម្ពស់ការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសគោរពច្បាប់ និងវិធានសុខាភិបាលនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅទប់ស្កាត់ការរីករាលដាលជំងឺនេះឱ្យខាងតែបាន និងសូមលើកចិត្តបងប្អូនកុំចេញទៅក្រៅ ឬទីសាធារណៈ បើមិនចាំបាច់”។

សូមជូនពរដល់បងប្អូនមានសុភាពល្អ ជៀសផុតពីការឆ្លងជំងឺកូវីដ-១៩៕

ដោយ៖សូរិយា


ចែករំលែក៖