ខេត្តបន្ទាយមានជ័យ ៖ ប្រជាកសិកររីករាយសប្បាយចិត្ត ក្រោយពីបានទទួលពូជស្រូវពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យប្រជាកសិករប្រកបរបរធ្វើស្រែប្រាំង ជាការស្ដារឡើងវិញក្រោយពីគ្រោះធម្មជាតិ ទឹកជំនន់ នាចុងឆ្នាំ ២០២០ កន្លងមកនោះ ឥឡូវប្រជាកសិករ ក្នុងភូមិនាងតេត ឃុំឬស្សីក្រោកស្រុកមង្គលបុរី បាននិងកំពុងប្រមូលផលស្រូវជាបណ្ដើរៗ។
ដោយក្នុងនោះទិន្នផលស្រូវគឺមានការកើនឡើង ទោះមានការខ្វះខាតទឹក នាស្រែមួយចំនួនក្តី តែបើមានទឹកគ្រប់គ្រាន់នោះ ក្នុង១ហិកតាៗបានផលប្រមាណជា៦ទៅ៧តោន ហើយក្នុង១តោនបើប្រភេទស្រូវ៥៤ បានតម្លៃក្នុង១គីឡូ៦បាតប្រាក់ថៃស្មើនឹង ៨៥០រៀលគិតជាប្រាក់ខ្មែរ រីឯប្រភេទស្រូវសែនក្រអូបបានតម្លៃ១គីឡូ ៧,៥បាតថៃ ស្មើនឹង១.០០០រៀលប្រាក់ខ្មែរ។ ទោះបីតម្លៃស្រូវមានការធ្លាក់ចុះបន្តិច ដោយជំងឺរាតត្បាតកូវីដ-១៩ ក៏ពិតមែនតែបងប្អូនប្រជាកសិករមានការ ត្រេកអរចំពោះទិន្នផលស្រូវបានកើនខ្ពស់ជាងបណ្តាវគ្គមុនៗ និងបានសងរំលោះថ្លៃ ភ្ជួររាស់ថ្លៃដីនិងថ្នាំបាញ់។ល។
ក្នុងនោះប្រជាកសិករទាំងអស់ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់នូវពូជស្រូវដល់ពួកគាត់ សម្រាប់ស្ដារឡើងវិញក្រោយពីគ្រោះធម្មជាតិ ទឹកជំនន់ជន់លិច ស្រូវរបស់ប្រជាកសិករ អស់រាប់ម៉ឺនហិកតានាចុងឆ្នាំ២០២០ កន្លងទៅនេះ ៕
ដោយ៖ វណ្ណា