ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសរួម ស្តីពី លទ្ធផលកិច្ចប្រជុំស្តីពីបញ្ហាអចលនវត្ថុនៅកម្ពុជា។
ដោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន រៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈមនៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាល ជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។
ក្នុងស្ថានភាពបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាព របស់ប្រជាពលរដ្ឋ និងដើម្បីជួយដោះស្រាយបញ្ហាសម្គាជហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិ នានា ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពាវនាវនិងលើកទឹកចិត្តដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់ សូម :
១/- ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយលក្ខខណ្ឌបង់រំលស់ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន
២/- លើកលែង ការផាកពិន័យចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិ នានា ក្នុងករណ៏ដែលអ្នកទិញយឺតយ៉ាវមិនបានបង់ប្រាក់តាមកាលកំណត់
៣/ – មិនត្រូវមានបន្ទុកការប្រាក់ ឬដាក់ការពិន័យបន្ថែមចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ រំលស់
៤/- ដាក់ចេញនូវគោលនយោបាយគាំពារនានាដល់អតិថិជនរបស់ខ្លួនលើការបង់រំលស់អចលនវត្ថុ ក្នុងបុរី និងអគារសហកម្មសិទ្ធិនានា
និង៥/- អនុវត្តវិធានការទាំងនេះឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។
ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗ បន្តទៀត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថាន៕
ដោយ៖ សិលា