ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ថោង ខុន ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការប្រតិបត្តិ NOCC បានបង្ហាញនូវក្ដីក្តុកក្តួលរន្ធត់ចិត្តជាខ្លាំង ក្រោយទទួលព័ត៌មានថា លោកវេជ្ជបណ្ឌិត ស្ដើង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា បានទទួលមរណភាព ដោយសារជំងឺ និងដោយសារកូវីដ-១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ។

លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការសោកស្ដាយឥតឧបមា ចំពោះការបាត់បង់សកម្មជន និងអ្នកមានគុណូបការៈដ៏ធំធេង ចំពោះចលនាអូឡាំពិកនាពេលនេះ ហើយសមាជិកគណៈកម្មាធិការប្រតិបត្តិ NOCC ព្រមទាំងមហាគ្រួសារកីឡាជាតិទាំងអស់ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏វិសេសវិសាលនៃការខិតខំប្រឹងប្រែងជួយដល់វិស័យកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជារបស់លោកវេជ្ជបណ្ឌិត ស្ដើង ជា។
ជាមួយការបាត់បង់នូវឥស្សរជនដ៏ឆ្នើមក្នុងវិស័យកីឡា និងចលនាអូឡាំពិកនេះដែរ ឯកឧត្ដមបណ្ឌិត ថោង ខុន បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព។ ប៉ុន្ដែដោយសារស្ថានភាពជំងឺកូវីដ-១៩ មិនអាចចូលរួមវិញ្ញាក្ខន្ធផ្ទាល់បាន លោករដ្ឋមន្ដ្រី រួមទាំងគណៈកម្មាធិការប្រតិបត្តិ NOCC បានប្រកាសចូលបច្ច័យចូលបុណ្យចំនួន ៥លានរៀលដល់គ្រួសារសព និងសូមឲ្យវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត ស្ដើង ជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
តាមការបញ្ជាក់របស់មន្ដ្រី NOCC បានឲ្យដឹងថា អំឡុងពេល និងមុនពេលលោកវេជ្ជបណ្ឌិត ស្ដើង ជា មានអាការៈនេះ លោកមិនបានទៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះទេ តែដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្រេចបិទទ្វារបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

ដោយ៖ សិលា


ចែករំលែក៖