ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ពីសំណាក់អ្នកភូមិនាំគ្នាចោមរោមមើលនិងប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យ ខណៈដែលពួកគាត់ប្រទះឃើញសពអណ្ដែតទឹកព្រែកជីកកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៥ ខែមីនាឆ្នាំ២០២១ស្ថិតក្នុងភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីខាងលើដែលស្លាប់នោះត្រូវបានគេស្គាល់ថាជាមនុស្សវិកលចរិត ហើយគេមិនស្គាល់អត្តសញ្ញាណនិងស្រុកកំណើតនៅកន្លែងណានោះទេ។
តាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមីនា គាត់ឃើញស្ត្រីវិកលចរិតនេះដើរចូលក្នុងភូមិរបស់គាត់ដោយមិនមានពាក់អាវទើបអ្នកភូមិបានឲ្យអាវពាក់និងម្ហូបអាហារញាំផងដែរ។
ប្រភពបន្តថា លុះមកដល់ពេលព្រលប់ថ្ងៃដដែលស្ត្រីខាងលើនេះបានដើរចេញពីភូមិបាត់ខណៈម្នាក់ៗមិនបានចាប់អារម្មណ៍នោះទេ។ស្រាប់តែនៅថ្ងៃកើតហេតុប្រទះឃើញសពអណ្ដែតទឹកព្រែកជីកបង្កការភ្ញាក់ផ្អើលតែម្ដង។
តាមសមត្ថកិច្ចនគរបាលស្រុក និងគ្រូពេទ្យដែលបានមកពិនិត្យសាកសពបានសន្និដ្ឋានថា ស្ត្រីខាងលើនេះពិតជាស្លាប់ដោយសារលង់ទឹកព្រែកជីកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មអ្វីនោះទេ។
ក្រោយមកសពត្រូវបានសមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តដក់ពដើម្បីស្វះស្វែងរកក្រុមគ្រួសារនិងសាច់ញាតិយកមកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖យឹម សុថាន