ព័ត៌មានទាន់ហេតុការណ៍៖

ជាសះស្បើយពីជំងឺកូវីដ-១៩ភ្លាម ចាន់ កែវនិមល ថ្លែងសារអរគុណមនុស្សពិសេសៗភ្លាម

ចែករំលែក៖

ភ្នំពេញ៖ ពិធីការិនី ចាន់ កែវនិមលបានបង្ហាញសារនៃការបានជាសះស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីចំណាយពេលព្យាបាល រយៈពេលជិត៣សប្តាហ៍នៅមន្ទីរសម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩កម្រិតស្រាលអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់នោះ។ នាងបានថ្លែងសារអរគុណដល់អ្នកផ្តល់កម្លាំងចិត្តជាច្រើន ជាពិសេសគឺមនុស្សជិតដិតមួយចំនួន ដែលក្នុងនោះក៏មានលោកស្រី ហ៊ុន ស៊ីណាត ដែលជាប្អូនស្រីសម្តេចតេជោ ហ៊ុន សែន ផងដែរ។ 

  គេសង្កេតឃើញមានសារអបអរសាទរជាច្រើនផ្ញើទៅកាន់ពិធីការិនីចាន់ កែវនិមល ក្រោយពីគេទទួលបានដំណឹងថា អ្នកនាងបានជាសះស្បើយពីជំងឺ និងអាចវិលត្រឡប់ចូលគេហដ្ឋានវិញបានជាមួយកូនស្រី។ សារដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងគឺមានន័យថា ”គ្រាន់តែខ្សែ១សរសៃព័ទ្ធផ្ទះប៉ុណ្ណោះ ក៏មានអារម្មណ៍ថាសោកសៅ បារម្ភ អស់សង្ឃឹម តែអ្វីៗត្រូវទទួលយកការណ៍ពិត ហើយតាំងស្មារតី តស៊ូ ទោះលំបាកប៉ុនណាក៏មិនត្អូញត្អែរ ថែមទាំងមិនអាចបោះបង់ អរគុណសម្រាប់កម្លាំងចិត្តពីបងប្អូនទាំងអស់គ្នា និងបងពៅ ដែលលើកទឹកចិត្តឱ្យតតាំងនឹងភាពលំបាកមួយនេះ ជាពិសេសអរគុណអ្នកម៉ែ ហ៊ុន ស៊ីណាតដែលតែងតែផ្ញើសារមកកូនសឹងរាល់ថ្ងៃ មិនឱ្យកូនភ័យ មិនឱ្យកូនរួញរានឹងឧបសគ្គទាំងនេះ។ ថ្ងៃថ្មីស្រាយចំណងមុខផ្ទះ អ្វីៗនឹងប្រសើរឡើង។ “ 

  ជាមួយគ្នានេះលោកស្រី ហ៊ុន ស៊ីណាត ក៏បានមានប្រសាសន៍តបសារទៅកាន់អ្នកនាង ចាន់ កែវនិមលដែរ ដោយលោកស្រីបានសរសេរថា” សូមជូនពរកូន និងក្រុមគ្រួសារឆាប់ជាសះស្បើយ និងបានវិលត្រូឡប់មកផ្ទះវិញ” ។ សារនេះកាន់តែធ្វើឲ្យអ្នកនាងចាន់ កែវនិមលមានកម្លាំងចិត្តបន្ថែម និងទទួលបានការគោរពស្រលាញ់ពីសិល្បករ និងមហាជនផងដែរ។ 

  គេចាំបានដែរថា ករណីនៃការរកឃើញវិជ្ជមានកូវីដ-១៩របស់អ្នកនាង ចាន់ កែវនិមល និងគ្រួសារមានស្វាមី និងកូនស្រីវ័យជិត១០ឆ្នាំកាលពីរាត្រីថ្ងៃទី០៨ ខែមីនាឆ្នាំ ២០២១នោះ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងសម្រាប់មហាជន ហើយអ្នកនាង គឺជាសិល្បករដំបូងដែលត្រូវបានប្រកាសថាបានឆ្លងជំងឺកូវីដ-១៩  ខណៈដែលសិល្បករ និងផលិតករអ្នកនិពន្ធ៨រូបផ្សេងទៀតត្រូវបានរកឃើញជំងឺនេះជាបន្តបន្ទាប់មានដូច លោក ណុប បាយ៉ារិទ្ធិ  អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song  អ្នកនិពន្ធលោក លី ស៊ីនហួន និងអ្នកនិពន្ធលោក ម៉ម មិថុនា លោក ថែល ថៃ  និងអ្នកនាង សួស វីហ្សានោះ។ ក្នុងនេះដំណឹងដែលគេទទួលបានគឺសិល្បករ៤នាក់ហើយដែលជាសះស្បើយពីជំងឺនេះមានអ្នកនាង ចាន់ កែវនិមល អ្នកនាង សុគន្ធ នីសា កញ្ញា វី ឌីណែត អ្នកនិពន្ធ លោក ចាន់ សុវណ្ណឌីន៕  

ដោយ៖ វឌ្ឍនា


ចែករំលែក៖