ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ស្នើសុំម្ចាស់ផ្ទះជួល បន្ទប់ជួលទាំងអស់ អនុគ្រោះមិនយកថ្លៃឈ្នួល ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃ អំឡុងពេលលំបាកនេះ

ចែករំលែក៖

ភ្នំពេញ៖ ការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកទល់បច្ចុប្បន្ននេះបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផល ប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។

ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការគិតគូរ និងជួយទ្រទ្រង់ ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវ ដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដូចខាងក្រោម ៖

១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍«សហគមន៍២០កុម្ភៈ» នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មាន សភាពធូរស្រាលឡើងវិញ។

២. យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយតួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ។

រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយ ស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕

ដោយ ៖ សិលា


ចែករំលែក៖