ខេត្តកណ្តាល៖ ស្ថិតក្នុងដំណាក់កាលកំពុងប្រឈមនឹងការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “ សហគមន៍ ២០ កុម្ភៈ” នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ។
អាស្រ័យហេតុនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្តាលក្នុងការគិតគូរ និង ជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលខេត្តកណ្តាល សូមអំពាវនាវដល់ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ដូចខាងក្រោម ៖
១. ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬបន្ទប់ជួល ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ។
២.យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយគួរលើកលែងការពិន័យឱ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់ ថ្លៃឈ្នួល និងបន្តអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញពួកគាត់ចេញឡើយ។
រដ្ឋបាលខេត្តកណ្តាលមានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ដោយ ស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ ជាមិនខាន៕ដោយ៖ ឆ ដា