កូរ៉េខាងត្បូង៖ គេហទំព័រ(ខ្មែរនៅកូរ៉េ News) នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានផ្សាយថា, កង់បីអគ្គិសនី ONiON ដែលរចនាបង្កើតឡើងនៅកូរ៉េបានបង្ហាញរូបរាងជាផ្លូវការហើយនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា ២០២១នេះ ក្រោយពីបានឆ្លងកាត់ការសាកល្បងសាធារណៈនៅក្នុងទីក្រុងភ្នំពេញ ប្រកបដោយភាពជោគជ័យកាលពីខែមីនាកន្លងមកនេះ ហើយបើតាមការចុះផ្សាយដំបូងក្នុងសារព័ត៌មាន Khmerload។
ឆ្លងកាត់ការតំឡើង និងសាកល្បងដ៏ជោគជ័យ ក្នុងរយៈពេល១០ថ្ងៃកន្លងទៅ កង់បីអគ្គិសនី ONiON នឹងចាប់ផ្ដើមបង្ហាញទីតាំងបង្ហាញ (ONiON Showroom) និងសា្ថនីយ៍សាកអាគុយ (ONiON Station) របស់ខ្លួន ជាបន្ដបន្ទាប់ទៀតតាមការគ្រោងទុក។
កង់បីអគ្គិសនី ONiON នេះជាផលិតផលរបស់ក្រុមហ៊ុន Onion Mobility Co., Ltd ជាបុត្រសម្ព័ន្ធមួយជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ MVL TADA (Cambodia) Co., Ltd ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនផ្ដល់សេវាកម្មកក់យានជំនិះធ្វើដំណើរនៅកម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទ (TADA App)។ ក្រុមហ៊ុនបុត្រសម្ព័ន្ធនេះជាផ្នែកមួយនៃក្រុមហ៊ុន MVLLABS Pte Ltd (MVL) របស់ប្រទេសសិង្ហបុរី។
ចំនុចដែលគួរឱ្យចាប់អារម្មណ៍អំពីកង់បីអគ្គិសនី ONiON ម៉ូតថ្មីក្នុងទីផ្សារកម្ពុជានេះ គឺវាត្រូវបានរចនាឡើង និងបញ្ចេញគំនិតឡើង (Develop) នៅប្រទេសកូរ៉េ។ លើសពីនេះទៀត ដោយប្រើប្រាស់អគ្គិសនី កង់បីនេះអាចធ្វើដំណើរបានដល់ ១០០ គីឡូម៉ែត្រសម្រាប់ការសាកអាគុយអគ្គិសនីពេញម្តង ដែលតម្រូវការចំណាយប្រៀបទៅនឹងប្រភេទកង់បីប្រើប្រាស់ហ្គាស LPG គឺចំណេញជាងដល់ទៅ ២០%ឯណោះ។ បើតាមគេហទំព័ររបស់ក្រុមហ៊ុនផ្ទាល់ ការចំណាយលើការធ្វើដំណើរដល់ ១០០គីឡូម៉ែត្រ គឺត្រឹមតែ ២ដុល្លារប៉ុណ្ណោះ ហើយក្រុមហ៊ុនផ្តល់ការធានារហូតដល់ ៨ម៉ឺនគីឡូម៉ែត្រ ឬរយៈពេល៣ឆ្នាំទៀតផង។
គេហទំព័រដដែលបានបន្តថា, លោក Kay Woo ជានាយកប្រតិបត្ដិ របស់ក្រុមហ៊ុន Onion Mobility Co., Ltd បានបង្ហាញឆន្ទៈរបស់ខ្លួនថា នេះជាការនាំយកមកនូវ ភាពពេញនិយមក្នុងការប្រើប្រាស់ កង់បីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា តាមរយៈការផលិតយានជំនិះ ដែលមានសេវាកម្មប្រកួតប្រជែង ភ្ជាប់ជាមួយមធ្យោបាយកក់ការធ្វើដំណើរ TADA។ ក្នុងពេលជាមួយគ្នានោះផងដែរ យើងក៏បង្កើតឲ្យមានប្រព័ន្ធអេកូឡូស៊ីមួយ ដែលអាចជួយផ្នែកសេដ្ឋកិច្ច ដល់អ្នកបើកកង់បីផងដែរ។
លោកនាយកប្រតិបត្តិបានបន្តទៀតថា «ការបង្ហាញរូងរាងកង់បីអគ្គិសនី Onion ជាផ្លូវការ នៅលើទីផ្សារកម្ពុជា នឹងរួមចំណែកបង្កើនប្រាក់ចំណូលជូនដល់អ្នកបើកបរ បង្កើតការធ្វើដំណើរដោយផាសុកភាព សម្រាប់អ្នកដំណើរ បង្កើតការងារ ក៏ដូចជាគុណភាពក្នុងការរស់នៅ របស់សហគមន៍ទាំងមូល។ ពួកយើង នឹងព្យាយាមក្លាយខ្លួនជាយានជំនិះដែលអាចជួយ អ្នកទាំងអស់គ្នា កំឡុងពេលនៃការរាតត្បាតសកល នៃមេរោគ Covid19 នេះ។ »
កង់បីអគ្គិសនីដំបូងគេនេះ បានទាក់ទាញចំណាប់អារម្មណ៍សាធារណៈ ជាពិសេសគឺ អ្នកបើកបរកង់បីនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំង ដោយសារកង់បីនេះ ជាកង់បីដំបូងដែលប្រើប្រាស់អគ្គិសនី ជួយកាត់បន្ថយការចំណាយរបស់អ្នកបើក ផ្ដោតលើគុណភាពយូរអង្វែង មានរូបរាងទំនើប មានសម្លេងស្ងាត់ និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
កង់បីអគ្គិសនី ONiON ត្រូវបានតម្លើងនៅក្នុងខេត្ដកណ្ដាល មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សុវណ្ណភូមិ ដោយមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៨០កន្លែង។
សូមបញ្ជាក់ផងដែរថា ការចាប់ផ្តើមដំណើរការនៃកង់បីអគ្គិសនី កន្លងមកក៏ទទួលបាននូវការជួយសម្របសម្រួលពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដែលក្នុងបេសកកម្មការទូតសេដ្ឋកិច្ច ទាក់ទាញជំរុញឱ្យវិនិយោគិនបរទេសទៅបោះទុនវិនិយោគចូលក្នុងទីផ្សារកម្ពុជា និងបង្កើតជាឱកាសការងារសម្រាប់ប្រជាជនកម្ពុជាផងដែរនោះ។ តាមព័ត៌មានកន្លងមក ក្រុមហ៊ុននេះគ្រោងនឹងធ្វើការផលិតមិនសម្រាប់តែទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែអាចនឹងសម្លឹងមើលឃើញដល់ទីផ្សារអាស៊ាន និងទីផ្សារដទៃទៀតដែលជាដៃគូសក្តានុពលពាណិជ្ជកម្មរបស់កម្ពុជានៅក្នុងតំបន់ផងដែរ៕
ដោយ៖ សិលា