ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីអំពាវនាវពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីអំពាវនាវ ស្តីពី ការផ្ទុះរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ នៅតែបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ះពាល់ខ្លាំង ក្នុងនោះអ្នក ជួលផ្ទះ ឬជួលបន្ទប់ កំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ផងដែរ ។ ក្នុងន័យនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងការគិតគួរនិងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទះជួល ឬបន្ទប់ជួលនោះ រដ្ឋបាលខេត្ត ! សូមអំពាវនាវដល់អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួល ទាំងអស់ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដូចខាងក្រោម៖

១-ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ ក្នុងអំឡុងពេលនៃការផ្ទុះ ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ” នេះ រហូតដល់ស្ថានភាពនៃការរីករាលដាលមេរោគកូវីដ-១៩ មានសភាពធូរស្រាលឡើងវិញ ។

២-យោគយល់អធ្យាស្រ័យចំពោះការយឺតយ៉ាវក្នុងការបង់ថ្លៃឈ្នួលផ្ទះ ឬឈ្នួលបន្ទប់ពីសំណាក់អ្នកជួល ទាំងឡាយ ដោយគួរលើកលែងការពិន័យឲ្យបង់ប្រាក់បន្ថែម ឬដកយកប្រាក់កក់ចំពោះការយឺតយ៉ាវ ក្នុងការបង់ប្រាក់ថ្លៃឈ្នួល និងបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបន្តទៅទៀត ដោយមិនគួរបណ្តេញ ពួកគាត់ចេញឡើយ ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ មានក្តីសង្ឃឹមទុកជាមុនថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែល ជាម្ចាស់ផ្ទះជួល ឬបន្ទប់ជួលទាំងអស់ នៅក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយ ជាក់ជាមិនខាន៕

ដោយ ៖ សិលា


ចែករំលែក៖