ព័ត៌មានទាន់ហេតុការណ៍៖

រាប់អានមិត្តភក្តិដំបូង បបួលគ្នា កាច់កម៉ូតូ ជិះរត់គេច ពេញទីក្រុងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖  រាប់អានមិត្តភក្តិដំបូង បបួលគ្នា កាច់កម៉ូតូ  រួចជិះរត់គេចពីចំណុចផ្លូវ២៧១ ម្តុំពេទ្យរុស្សុី និងបន្តជិះគេចខ្លួនពេញទីក្រុងភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង២៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដោយទីតាំងឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅក្បែរផ្លូវបំបែក៣១០ កែវវិថីព្រះមុន្នីវង្ស ដោយម៉ូតូដែលជនសង្ស័យបានលួច គឺម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-4714។

នៅក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានតាមរយៈវិទ្យុទាក់ទង ដើម្បីសហការគ្នា ដេញតាមឃាត់ខ្លួនជនសង្ស័យ ដែលបានលួចកាច់ក៏ម៉ូតូ ព្រមទាំងធ្វើសកម្មភាពរត់គេច តែមិនបានសម្រេច ត្រូវអស់ល័ក្ខ ត្រង់ចំណុចវិថីព្រះមុន្នីវង្ស ក្បែរផ្លូវបំបែក៣១០។ 

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យបានឲ្យដឹងថា ខ្លួនដាច់លុយពេក ទើបធ្វើសកម្មភាពលួចម៉ូតូគេ ប៉ុន្តែខ្លួនមិនបានលួចទេ គឺមិត្តភក្តិចំនួន២នាក់ ដែលទើបរាប់អានបានប៉ុន្មាននាទីជាអ្នកបបួល។ ខណៈលួចបានទើបឲ្យជនសង្ស័យជិះរត់គេច ទើបត្រូវសមត្ថកិច្ចតាមស្ទាក់ចាប់បាន នៅទីតាំងខាងលើតែម្តង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅកាន់ប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកជនសង្ស័យ២នាក់ទៀតមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖