ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន និងបូកសរុបលទ្ធផលការងារប្រចាំខែមីនា របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

ចែករំលែក៖

ភ្នំពេញ៖ នាររសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ដើម្បីផ្សព្វផ្សាយការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ អគ្គស្នងការរង និង ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ ក្នុងការអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយធ្វើការណែនាំដល់មន្ត្រីក្រោមឱវាទទាំងអស់ ឱ្យគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជាបណ្ដោះអាសន្ននូវការជួបជុំនៅចន្លោះម៉ោង២០យប់ ដល់ម៉ោង៥ភ្លឺ លើកលែងតែកងកម្លាំង ដែលកំពុងតែបំពេញបេសកកម្ម។

ក្រោយពីបានធ្វើការពិនិត្យលើរបាយការណ៍លទ្ធផលការងារប្រចាំខែមីនា និងទិសដៅការងារសម្រាប់នាយកដ្ឋាន លោក ឧត្តមសេនីយ៍ឯក ជា ពៅ ក៏បានមានប្រសាសន៍កោតសរសើរអំពីការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោក លោកស្រី អនុប្រធាននាយកដ្ឋានទទួលបន្ទុក ការិយាល័យទាំងអស់ ទោះបីជានាយកដ្ឋានមានការប្រឈមខ្លះៗដោយសារតែការផ្លាស់ប្ដូរពីការបំពេញការងារដោយជួបមុខគ្នាផ្ទាល់ មកជាការបំពេញការងារតាមរយៈប្រព័ន្ធអនឡាញវិញនោះ។

ជាចុងក្រោយ ក៏បានផ្តល់មតិណែនាំដល់អនុប្រធាននាយកដ្ឋានទាំងអស់ឱ្យបន្តខិតខំ និងពង្រឹងការងារបន្ថែមទៀត ហើយបន្តសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីអនុវត្តផែនការដែលថ្នាក់ដឹកនាំប្រគល់ជូន ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕

ដោយ ៖ សិលា


ចែករំលែក៖