ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីបុរសម្នាក់កើតជំងឺកូវីដ-១៩នៅក្រុងបាវិតប៉ះពាល់មនុស្សជាង១០០នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញជំងឺកូវីដ-១៩ លើបុរសជនជាតិខ្មែរម្នាក់អាយុ៥២ឆ្នាំ បម្រើការងារនៅក្រុងបាវិត។

  បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា បុរសដែលកើតជំងឺកូវីដ-១៩នេះ មានឈ្មោះ ហួត សុខា ស្នាក់នៅបន្ទប់ជួលមួយកន្លែង ក្នុងក្រុងបាវិត បានទៅបម្រើការងារនៅកន្លែងធ្វើការ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានអាការមិនស្រួលខ្លួនបានឲ្យប្រពន្ធទៅទិញថ្នាំយកមកលេប តែមិនធូរស្បើយ ហើយបានធ្វើដំណើរទៅផ្ទះម្តាយ។

  នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានជួលរថយន្តតាក់ស៊ីធ្វើដំណើរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ ដោយស្ថានភាពមិនធូរស្រាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុវិភាគសំណាកបុរសជនជាតិខ្មែរខាងលើដែលមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថាមានជំងឺកូវីដ-១៩ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ជាលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

   ក្រុមការងារបានរកឃើញអ្នកប៉ះពាល់សរុបចំនួន ១១១នាក់ ស្រី៥៣នាក់ ហើយបានយកវត្ថុវិភាគសំណាកអ្នកពាក់ព័ន្ធផ្ទាល់ចំនួន៩៧នាក់ ស្រី៤៦នាក់ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក រួមមាន៖

*ទីតាំងផ្ទះជួល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត

*ទីតាំងផ្ទះឈ្មោះ អន សុវណ្ណ នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ម្ដាយបង្កើត ហួត សុខា។

  បន្ថែមពីនេះ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានដឹងថាមានប៉ះពាល់ជាមួយបុរសខាងលើនិងទីតាំងដែលបានបញ្ជាក់ខាងលើ គិតចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕

ដោយ៖យឹម សុថាន


ចែករំលែក៖