ភ្នំពេញ៖ សង្ស័យតៃកុងងងុយដេកហើយទើបបើករថយន្តធុនធំសណ្តោងទ្រុងដឹកដំឡូងក្នុងល្បឿនលឿនរេចង្កូតបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយមហាវិថីឈ្នះ=ឈ្នះ ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តធុនធំសណ្តោងទ្រុងមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0448 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុសង្ស័យតៃកុង ងងុយដេកទើបរេចង្កូតមកឆ្វេងដៃ បុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចាក់ដំឡូងរាយប៉ាយនៅកាត់ទទឹងផ្លូវ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ៕
ដោយ៖ និន សុភ័ស្ត