ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមក្មេងទំនើង៨នាក់បង្កហិង្សាលើជនរងគ្រោះម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖  ក្រុមក្មេងស្ទាវទំនើងចំនួន៨នាក់បានអុកឡុកនិងបង្កហិង្សាដោយចេតនានៅក្នុងភូមិបណ្តាលឱ្យជាងធ្វើផ្ទះម្នាក់រងរបួសធ្ងន់ ហើយក្រោយមកត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេម៉ង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ប្រជាការពារភូមិនិងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧៦៤ចុះស្រាវជ្រាវតាមឃាត់ខ្លួនបានហើយ។

   ការចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងនោះសមត្ថកិច្ចបានសហការធ្វើឡើងនៅថ្ងៃទី ៣១ខែមីនាឆ្នាំ២០២១នៅត្រង់ចំណុចភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

  ប្រភពបានឱ្យដឹងថា ក្នុងករណីបង្កឡើងដោយក្រុមក្មេងទំនើងមានគ្នា៩នាក់ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយដាវសាមូរ៉ៃនិងដំបង បានវាយនិងដេញកាប់ទៅលើក្រុមជាងផ្ទះបណ្ដាលឱ្យរងរបួសម្នាក់។

ប្រភពបន្តថា ជនរងគ្រោះរងរបួសធ្ងន់នោះឈ្មោះប៉ូយ កែន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងធ្វើផ្ទះ មានស្រុកកំណើតនៅភូមិផ្អារ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ហើយជនរងគ្រោះនេះបានមកស្នាក់នៅភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្រុមជនបង្កបានដេញកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសត្រូវចំខ្នងក្រោមស្លាបប្រចៀវខាងស្តាំប្រវែង ១០សង់ទីម៉ែត្រជម្រៅ ១សង់ទីម៉ែត្រ។

បន្ទាប់ពីសកម្មភាពរួចក្រុមក្មេងទំនើងក៏បានបើកម៉ូតូរត់គេចខ្លួនបាត់អស់ភ្លាមៗដែរ។

  ក្រោយមកនៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ទើបសមត្ថកិច្ចសហការតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានចំនួន៨ នាក់។

   ក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានមាន៖

ទី១.ឈ្មោះ សាន សុខ ភេទប្រុសអាយុ២៣ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ទី២.ឈ្មោះ ញេវ ថាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ទី៣.ឈ្មោះ ស្រី ក្រុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ទី៤.ឈ្មោះប្លុល យិន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ទី៥-ឈ្មោះ សាន ធឿនភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិព្នង មុខរបរកសិករ។

ទី៦.ឈ្មោះ ធុន ប្លូន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ។

ទី៧.ឈ្មោះខេត  លីផូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នងមុខរបរកសិករ។

ទី៨.ឈ្មោះប្លុល  និន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិព្នងមុខរបរកសិករ។ជនសង្ស័យទាំង៨នាក់ខាងលើមានទីលំនៅភូមិពូកេះ ឃុំមេម៉ង់ស្រុកកែវសីមា។ 

  ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ។រីឯបក្ខពួកម្នាក់ទៀតឈ្មោះញិក សាលៀ ដែលកំពុងរត់គេចខ្លួននោះក៏សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តដែរដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖