ភ្នំពេញ ៖ ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖
ទី១៖ Hotline 1299
ទី២៖ 098 379 777
ទី៣៖ 077 856 966
ទី៤៖ 099 429 040
បើតាមលោក ម៉េត មាសភក្ដី ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗជូន ២៤ម៉ោងលើ២៤ម៉ោង។
សូមបញ្ជាក់ថា, បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវបំរាមគោចរ ដែលផ្អាកការធ្វើដំណើរចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ មានប្រជាពលរដ្ឋជាច្រើនបានបង្ហាញនូវការងឿងឆ្ងល់ជាមួយច្រើន ជុំវិញការអនុវត្តនេះ។
ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបំរាមគោចរដែលបានដាក់ចេញនេះ។
គួរជម្រាបថា, រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយផ្អាកការចរាចរ រួមទាំងសកម្មភាពអាជីវកម្ម ការប្រមូលផ្តុំនានា នៅភូមិសាស្រ្តរាជធានីភ្នំពេញ នាពេលយប់ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល២សប្តាហ៍។ តាមប្រការ១ នៃសេចក្តីសម្រេចនេះ បានឱ្យដឹងថា «ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅភូមិសាស្រ្តរាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១»។
បន្ថែមពីនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយអ្នកដែលបន្ដធ្វើដំណើរដោយមិនចាំបាច់ បំពាននឹងបំរាមដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ពីម្សិលមិញបានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនលោក លោកស្រី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញថា ក្នុងករណីអ្នកមិនស្ដាប់តាមការណែនាំ ត្រូវដកហូតរក្សាទុកមធ្យោបាយរបស់គាត់ បើជិះម៉ូតូយកម៉ូតូទៅទុក បើជិះឡានយកឡានទៅទុក ហើយឲ្យមនុស្សទៅធ្វើចត្តាឡីស័កនៅផ្ទះគ្រប់១៤ថ្ងៃ គ្រប់១៤ថ្ងៃទើបប្រគល់មធ្យោបាយឲ្យវិញ។ ក្នុងករណីដែលគាត់ធ្វើចត្តាឡីស័ក អាជ្ញាធរមូលដ្ឋានពិនិត្យឃើញថា គាត់មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចយើង យើងនឹងអនុវត្តការផាកពិន័យបន្ដទៀត»។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវដកហូតមធ្យោបាយធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយបំពាននឹងបំរាម ដែលបានដាក់ចេញ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។
សូមបញ្ជាក់ថា, តាមរយៈសារសំឡេងផ្ញើជូនស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រធានគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ដែលបណ្ដាញសារព័ត៌មាន ទទួលបានលោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា បន្ទាប់ដកហូតមធ្យោបាយហើយនោះ ម្ចាស់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅក្នុងផ្ទះរៀងៗខ្លូន៕
ដោយ៖ សុខ ខេមរា