ភ្នំពេញ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ នៅវេលាម៉ោង ០៨ និង៣០០នាទីព្រឹកថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំសាមញ្ញ លើកទី២១ តាមរយៈកម្មវិធីZoom Meeting ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ និងអនុម័តកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី២០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣ ។
២-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៣-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ។
៤-ពិនិត្យ និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ ដែលបានមកពីការផ្ដល់សេវាសាធារណៈ ជូនដល់មន្រ្ដីបុគ្គលិករដ្ឋបាលខណ្ឌដូនពេញ ។
៥-ពិនិត្យឆ្លងសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខណ្ឌដូនពេញ និងសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងកសាងកម្មវិធីបិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ។
៦-ការងារសំខាន់ផ្សេងៗ
-វិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការងារធ្វើចត្តាឡីស័ក ។
-បន្ដជម្រុញ ផ្សព្វផ្សាយ វិធានការ (៣កុំ ៣ការពារ) និងបន្ដធ្វើ QR code តាមមូលដ្ឋានអាជីវកម្ម និងការចែកម៉ាសជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ ។
-ការងាររៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ បន្ទាប់ពីប្រជុំក្រុមប្រឹក្សាខណ្ឌរួច នៅរសៀលថ្ងៃដដែលនោះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បន្តនាំយកអំណោយដ៏ថ្លៃថ្លា រួមមានថវិកា និង គ្រឿងឧបភោគបរិភោគរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសពលោកស្រី ញ៉ែប ណារី ដែលបានទទួលមរណភាពដោយសារ ជំងឺកូវីដ-១៩ ក្នុងជន្មាយុ ៦៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
នាឱកាសដ៏ក្តុកក្តួលនេះ លោកអភិបាលខណ្ឌ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានសំដែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកស្រី ញ៉ែប ណារី បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
គួរបញ្ជាក់ថា អំណោយ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖ ថវិកា ៥.០០០.០០០រៀល អង្ករ ៤បាវ ស្មើ ១០០គីឡូក្រាម ទឹកបរិសុទ្ធ០៥កេស និង មី០២កេស ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព៕ដោយ៖ស តារា