ព័ត៌មានទាន់ហេតុការណ៍៖

លោកតាស្លាប់ចៅស្រីរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ មន្ត្រីជំនាញនគរបាលនៃស្នងការបាត់ដំបងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹករវាងរថយន្តបុកម៉ូតូបណ្តាលឲ្យបុរសចំណាស់ ១នាក់បានស្លាប់នៅនឹងកន្លែង ឯចៅ១នាក់ទៀតរបួសធ្ងន់។

បើតាមមន្ត្រីនគរបាលនៃស្នងការខេត្តបានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង ៧និង០០នាទីព្រឹក នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមសាក្សីនិយាយថា មុនពេលកើតហេតុគេឃើញរថយន្ត ១គ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុបានប្រទះជាមួយនិងម៉ូតូ ១គ្រឿងដែលតានិងចៅបានជិះចេញពីក្នុងភូមិហើយត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលនៅពីមុខរថយន្តទៅផ្នែកខាងក្រោយរថយន្តហូរឈាមស្រោចខ្លួនតែម្តង។

បើតាមសាក្សីនៅជិតកន្លែងហេតុបានបន្តថា លោកតារងគ្រោះដែលស្លាប់មានឈ្មោះ ហុក ភេទប្រុស អាយុ ៧១ឆ្នាំ និងចៅស្រី ១នាក់ទៀតមិនស្គាល់ឈ្មោះ រួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។ 

ជនរងគ្រោះបើកបរម៉ូតូស៊េរីចាស់ពណ៌ខ្មៅ ស្លាកលេខ បប១-៦១៥៩ ។ ចំណែកភាគីអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណមិនមានការប៉ះពាល់រងរបួសឡើយ បើកបររថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ ២H-៣៥៤៦។

ក្រោយពីការវាស់វែងរបស់នគរបាលជំនាញនៃស្នងការខេត្ត រួចមកសាកសពលោកតាក៏បានប្រគល់ជូនទៅឲ្យសាច់ញាតិយកទៅលំនៅដ្ឋាន  រីឯវត្ថុតាងបានយកទៅរក្សាទុកនៅស្នងការដ្នាននគរខេត្តបាត់ដំបងរង់ចាំការដោះស្រាយពេលក្រោយ៕

ដោយ៖ស សារ៉េត


ចែករំលែក៖