ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅលើរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ដីអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ!
១. អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សំគាល់ជាមួយនឹងការ ព្រួយបារម្ភចំពោះរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីអំពីស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេសមួយចំនួន រួមទាំងប្រទេសកម្ពុជា។
២. ដោយគ្មានអាណត្តិជាក់ស្តែងណាមួយដែលផ្តល់ដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក តែងតែប្រកាន់យកតួនាទីគ្របដណ្តប់លើគេ នៅក្នុងការរិះគន់ជាឯកតោភាគីនិងតាមអំពើចិត្ត អំពី ស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសដទៃទៀត។

៣. របាយការណ៍ខ្វះភាពសត្យានុម័ត និងមានការខ្វះខាតធ្ងន់ធ្ងរស្តីពីភាពត្រឹមត្រូវនៃកត្តាទិន្នន័យ និងបច្ចុប្បន្នភាពព័ត៌មាន។ អ្នកនាំពាក្យសូមគូសបញ្ជាក់ដូចខាងក្រោម៖

ទីមួយ-ស្ថាប័នណាក៏ដោយនៅសហរដ្ឋអាមេរិកដែលមានបំណងវាយតម្លៃប្រទេសកម្ពុជា មិនគួរបិទភ្នែកចំពោះបំណុលសីលធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអតីតរដ្ឋការបានជំពាក់ ព្រះរាជាណាចក្រនិងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា ដែលបានទទួលរងការទម្លាក់គ្រាប់បែក ពីលើអាកាសដោយមិនរើសមុខ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ នោះទេ។

ទីពីរ- សហរដ្ឋអាមេរិកមិនអនុវត្តតាមគោលការណ៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសិទ្ធិ មនុស្ស ដែលតម្រូវឱ្យធ្វើជាគំរូឱ្យគេ ដោយផ្តើមចេញពីខ្លួនឯង។ អ្វីដែលគួរឱ្យហួសចិត្ត នោះ របាយការណ៍ប្រចាំឆ្នាំនេះ មិនបានលើកឡើងពីកំណត់ត្រាស្តីពីសិទ្ធិមនុស្សរបស់ខ្លួន ឯងទេ ដែលជាការបដិសេធយ៉ាងពិតប្រាកដចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់ សហរដ្ឋអាមេរិក ខ្លួនឯងផ្ទាល់។

របាយការណ៍ខាងលើ មិនបានប្រើប្រាស់វិធីសាស្រ្តយុត្តិធម៌ត្រឹមត្រូវមួយសម្រាប់ ធ្វើការវាយតម្លៃរបស់ខ្លួនទេ ដោយបំប៉ោងសិទ្ធិខ្លះហួសពីសិទ្ធិដ៏ទៃ ព្រមទាំង លក្ខណៈពិសេសរបស់ជាតិ និងផលប្រយោជន៏ជាទូទៅដែលកម្ពុជាទទួលបាន នៅក្នុង ដែនដ៏ធំទូលាយនៃសិទ្ធិមនុស្ស។
ចុងក្រោយ ខ្លឹមសារនិងពាក្យពេជន៍នៃរបាយការណ៍ប្រចាំឆ្នាំនេះ មានការផ្លាស់ប្ដូរខុសប្លែក ពីគ្នា អាស្រ័យទៅតាមភាពជិតស្និទ្ធឬលក្ខណៈយុទ្ធសាស្រ្តបែបណាដែលប្រទេសនិមួយៗ មានជាមួយអាមេរិក។ ការអនុវត្តតាមបែបជ្រើសរើសតែមួយជ្រុង និងយកបញ្ហាសិទ្ធិ មនុស្សធ្វើជាអាវុធ គឺជាទំនោរអកុសលមួយដែលចាំបាច់ត្រូវតែបង្ការកុំឱ្យកើតមាន និងកាត់ បន្ថយ ប្រសិនបើពិតជាមានចេតនាចង់ជំរុញនិងការពារសិទ្ធិមនុស្ស ដើម្បីជាផលប្រយោជន៍ សាធារណៈសកល។ ដូចដែល លោក អានតូនីញ៉ូ ហ្គូតឺរើស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើង – សិទ្ធិមនុស្ស ដាច់ខាតមិន មែនជាយានសំរាប់ស្តង់ដារទេ ឬមធ្យោបាយដើម្បីអនុវត្តរបៀបវារៈលាក់កំបាំងនោះទេ”។

៤ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា ក្នុងការអនុវត្តប្រជាធិបតេយ្យសេរីពហុបក្ស និងប្រកាន់យកនីតិរដ្ឋ និង ការគោរពសេរីភាពជាមូលដ្ឋាន ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖