ព័ត៌មានទាន់ហេតុការណ៍៖

លិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនលោក វឿង ឌិញហ៊ុយ ត្រូវបានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់និតិកាលទី ១៤

ចែករំលែក៖

ភ្នំពេញ៖ លិខិតជូនពរ របស់សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគោរពជូន ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម!

លោកប្រធានរដ្ឋសភាជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ !
តាងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ អំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលកន្លងទៅថ្មីៗនេះ សម្រាប់នីតិកាលទី១៤ ។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏ច្បាស់លាស់
របស់ លោកប្រធាន នៅក្នុងស្ថាប័ននីតិបញ្ញត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទំនាក់ទំនងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀត នាពេលអនាគតដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក នៃប្រជាជនភូមិផងរបងជាមួយគ្នា នៃប្រទេសទាំងពីរជាមិត្ត។
ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាធារណរដ្ឋសង្គម និយមវៀតណាម ដែលបានផ្តល់ជំនួយជាម៉ាស់មុខចំនួន ៣៩០,០០០ម៉ាស់ ដល់ព្រះរាជា ណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងញាំញីប្រទេសជាច្រើននៅលើពិភពលោក។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ លោកប្រធាន ទទួលបាននូវសុខភាពល្អបរិបូណ៍ និង ជោគជ័យគ្រប់ភារៈកិច្ច និងសូមជូនពរដល់សាធារណរដ្ឋសង្គមនិយមវៀតណាមបន្តទទួល បានការរីកចម្រើន និងវិបុលភាពសម្រាប់ឆ្នាំខាងមុខៗទៀត។
សូម លោកប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖