ព័ត៌មានទាន់ហេតុការណ៍៖

លោក អាំង សិរីពិសិដ្ឋ បន្តចុះផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋ ដែលជីវភាពខ្វះខាតនៅសង្កាត់ផ្សារដើមថ្កូវ ៣០០គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមពលរដ្ឋល្អ អភិបាលរងខណ្ឌចំការមន ដែលយើងអាចរំលត់នូវការរីករាលដាលនូវជំងឺកូវីដ-១៩បានឆាប់រហ័ស យើងមានគោលដៅធំៗ៤ ក្នុងនោះ រាជរដ្ឋាភិបាល អង្គការសមាគម វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងរួមសហការគ្នា អនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ដើម្បីទប់ស្កាត់បង្ការការរីករាលដាលនៃព្រឹត្តិការណ៍ ២០កុម្ភៈ បានឆាប់រហ័ស ។ 

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ថ្លែងបែបនេះ ខណៈលោក នាំយកគ្រឿងឧបភោគបរិភោគជាច្រើន ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតជីវភាព នៅតាមលំនៅឋាន ក្នុងសង្កាត់សង្កាត់ផ្សារដើមថ្កូវ ចំនួន ៣០០គ្រួសារ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ។

ក្នុងពេលចុះចែកស្បៀងអាហារនេះ លោក អាំង សិរីពិសិដ្ឋ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កាលៈទេសៈនេះ មិនមែនជាពេលវេលាដែលត្រូវស្តីបន្ទោស ឬនិន្ទារគ្នាឡើយ ផ្ទុយទៅវិញជាពេលវេលាមួយដែលត្រូវការចូលរួមពីសំណាក់ភាគីដែលពាក់ព័ន្ធ (ភាគីស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ) ដើម្បីប្រយុទ្ធប្រឆាំងជាមួយសត្រូវដ៏កាចសាហាវរួមគឺកូវីដ-១៩ ។

លោកអភិបាលរង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅ លើបញ្ហាអនាម័យជាប្រចាំ ដើម្បីចៀសវាងជំងឺឆ្លងផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩នេះ ដែលជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយអនុវត្តតាមទៅតាមវិធានរបស់ក្រសួងសុខាភិបាល ។ លោកបន្តថា ដើម្បីទប់ស្កាត់ការឆ្លងក្នុងសហគមន៍តទៅនោះ សូមបងប្អូនពុកម៉ែ អុំ ពូ មីង កុំចេញពីផ្ទះ ទៅប្រមូលផ្តុំ ពិសេសរក្សាគម្លាត ១ម៉ែត្រកន្លះ និងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប់ជានិច្ច ។

ក្នុងឱកាសនោះ លោក អាំង សិរីពិសិដ្ឋ ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខ្វះខាតផ្នែកជីវភាព ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់សប្បុរជន មិត្តភក្ដិ ដែលបានចែករំលែកជួយឧបត្ថម្ភមករូបលោក ជាស្បៀងអង្ករ ឬសម្ភារៈប្រចាំថ្ងៃរបស់គាត់មកដល់សហគមន៍បានគ្រប់គ្រាន់នោះ យើងអាចបង្ការមិនមានការឆ្លងជំងឺចូលសហគមន៍បានទេ ។ ដោយហេតុថា ប្រជាសហគមន៍គាត់ទទួលបានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរបានគ្រប់គ្រាន់ ពោលគឺគាត់នៅតែផ្ទះ មានអាហារបរិភោគគ្រប់គ្រាន់ គាត់មិនភ័យខ្លាចអត់អាហារហូបចុកឡើយ ។

លោកបន្តថា៖ កាយវិការដ៏ល្អ ប្រកបដោយមនុស្សធម៌ដែលបានមកពីការចូលរួមពីវិស័យវិនិយោគិន អង្គការសមាគមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ 

ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)នេះ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយបានការចូលរួមពីមិត្តភក្ដិ ពីវិស័យវិនិយោគិន ដែលលោកនាំយកមកផ្តល់ជូននាពេលនេះ ដោយម្នាក់ៗ ទទួលបាន ៖ អង្ករ ១បាវ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអុីវ និងម៉ាស់ ព្រមទាំងនំប៉័ង និងផ្លែឈើ ជាអាហារសម្រន់សំរាប់បងប្អូនប្រជាពលរដ្ឋកំដរមាត់ផងដែរ ៕

ដោយ៖ ជីណា


ចែករំលែក៖