ភ្នំពេញ ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះ ជារយៈពេលគម្រប់ ៥១ ឆ្នាំ ហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចជ្រើសយកថ្ងៃ «៤ មេសា» ជាថ្ងៃកំណើតផ្លូវការ។ ថ្ងៃ «៤ មេសា» មិនមែនជាថ្ងៃកំណើតពិតរបស់សម្តេចនោះទេ ថ្ងៃកំណើតពិត ថ្ងៃដែលសម្តេចប្រសូត្រលើភពផែនដីនេះ គឺថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ១៩៥២ ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថ្ងៃ «៤ មេសា» គឺជាថ្ងៃដែលសម្តេចសម្រេចចិត្តដើរចូលព្រៃម៉ាគីតស៊ូរំដោះប្រទេសតាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពី៥០ឆ្នាំមុន។ សម្តេចតេជោ បានរំលឹកថា ពេលចូលដល់ជំរំក្នុងព្រៃជ្រៅគេបានធ្វើប្រវត្តិរូបសម្តេច តែដោយពុំចាំថ្ងៃកំណើត ទើបសម្តេចសម្រេចជ្រើសយកថ្ងៃ «៤ មេសា ១៩៥២» ធ្វើជាថ្ងៃកំណើតតែម្តងទៅ។
ថ្ងៃកំណើតដែលជ្រើសរើសក្នុងពេលចូលព្រៃតស៊ូប្តូរពីជីវភាពពីជនស៊ីវិល ទៅជាកងយុទ្ធជននេះ ក៏ត្រូវបានសម្តេចតេជោសម្រេចប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន។
ខាងក្រោមគឺជាការពន្យល់ទាំងស្រុងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅលើ Facebook របស់សម្តេច ពាក់ព័ន្ធនឹងការជ្រើសយកថ្ងៃ «៤ មេសា» ប្រើជាថ្ងៃកំណើតប្រើផ្លូវការ៖
ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយ ដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថា ហេតុអីលោក ហ៊ុន សែន មានថ្ងៃកំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។
តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ ១៥កើតខែស្រាពណ៍ឆ្នាំរោងចត្វាស័ក ព.ស ២៤៩៦ ត្រូវនឹងថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃកំណើតទៅវិញ?
៥១ ឆ្នាំមុន គឺនៅថ្ងៃ៤ មេសា១៩៧០ ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ ពេលចូលដល់ជំរំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះ ខ្ញុំបានយកថ្ងៃ៤ មេសា ដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃទី៤ មេសា ១៩៥២។
ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ ជាថ្ងៃកំណើតតាំងពីថ្ងៃ៤ មេសា ១៩៧០រហូតដល់ថ្ងៃ៨ ខែមករា ១៩៧៩ ទើបដូរឆ្នាំមក១៩៥១វិញ។ ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១ វិញ? បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។
ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មក ១៩៥១ មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង ២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។
ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤ មករា ១៩៨៥ ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះ ខ្ញុំក៏ទើបមានអាយុជាង ៣២ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។
នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤ មេសា ដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ៕
ដោយ៖ សិលា