ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ទៀត អាយុ ៧២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៤ ខែមេសានេះ បានបញ្ជាក់ថា ស្រ្តីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ដែលរស់នៅពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
បេីតាមរបាយកាណ៍របស់ក្រសួងសុខាភិបាល បន្តថា កាលណីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៨៖០០នាទីព្រឹក ស្ត្រីខាងលើបានចូលមកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយអ្នកជំងឺមានស្ថានភាពហត់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យយកអ្នកជំងឺទៅ សម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម និងបានយកសំណាកទៅវិភាគភ្លាមៗ។
រហូតដល់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ហើយក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី រសៀល។
លទ្ធផលពិនិត្យសំណាករបស់គាត់ ដែលទទួលបានពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បញ្ជាក់ថា មានវិជ្ជមានវីរុសកូវីដ-១៩។
ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ៧២ឆ្នាំ ខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ បណ្តាលមកពីវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព៕ដោយ៖ស តារា