ភ្នំពេញ៖ ទប់ទឹកភ្នែកមិនបានក្រោយបានឃើញវីដេអូនៃការធ្វើដំណើរមកដល់ផ្ទះរបស់តារាចម្រៀង វី ឌីណែតថ្ងៃដំបូងក្រោយពីជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្តធ្វើចត្តាឡីស័កនៅសណ្ឋាគារសុខា។ កាន់តែក្តុកក្តួលនោះគឺ តារាចម្រៀងរូបនេះបានស្ទុះមកលត់ជង្គង់ដៃកាន់ធូប ពោលពាក្យដ៏កម្សត់គួរឲ្យស្រណោះ។
នាងលើកឡើង ផ្ទះដែលតែងតែមានម្តាយឡូឡាហៅកូន ប្រែជាសភាពស្ងាត់ជ្រងំ ធ្លាប់ជួយកូនគ្រប់យ៉ាងតែបែរជាមកមិនឃើញម៉ែឥឡូវលែងលឺសំឡេងម៉ែហើយ។ នាងពោលទាំងទឹកភ្នែក ដោយបួងសួងសុំឲ្យវិញ្ញាណខ័ន្ដម្តាយធ្វើដំណើរទៅកាន់ទីខ្ពស់ស្ងប់សុខ ហើយបើមានជាតិក្រោយមែន សូមឲ្យនាងនិងម្តាយកើតជាម្តាយនិងកូនគ្នាបន្តទៀត។ កាន់តែខ្លោចផ្សាក្រោយពីលោកហួរ ឡាវី ពោលទាំងសំឡេងខ្សាវ ថា ឃើញកូនមកផ្ទះប៉ានឹកឃើញដល់ម្តាយកូនភ្លាម។ មានអ្នកគាំទ្រនាងជាច្រើនបានថ្លែងក្តីអាណិត និងសង្វេកសម្រាប់ទិដ្ឋភាពមួយនេះព្រោះតែម្តាយកូនធ្លាប់ឃើញគ្នាព្រឹកល្ងាច និងជាមនុស្សដែលជិតស្និទ្ធិនិងបានផ្តល់ក្តីស្រលាញ់បរិសុទ្ធទៅកាន់គ្នាប៉ុន្តែពេលនេះជាពេលដែលបែកគ្នាគ្មានឱកាសជួប។គ្មានការជួបជុំណាដែលមិនបែកគ្នាទេ ប៉ុន្តែទំហំទឹកចិត្តដែលមិនបានលាគ្នាមើលថែគ្នាគ្រាចុងក្រោយគឺជារឿងដែលគួរឲ្យសោកស្តាយ។ នេះក៏ជាសារបន្តរំលឹកដាស់តឿនឲ្យប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាអនាម័យ ការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១កន្លងទៅប្អូនស្រីនាង វីឌីនូ បានជាសះស្បើយនិងបានមកធ្វើចត្តាឡីស័ក្កិនៅផ្ទះកាលពីថ្មីៗនេះ និងក្រោយពីមន្ត្រីមូលដ្ឋានបានការបាញ់ថ្នាំសម្លាប់មេរោគនៅផ្ទះឪពុករបស់នាង រួមទាំងការចេញលិខិតបញ្ជាក់អំពីការអាចបើកដំណើរការចេញចូលផ្ទះនេះឡើយវិញ ក្រោយពីឪពុកនាង គឺលោក ហួរ ឡាវី មិនត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន៣លើកមកនោះ។
គេចាំបានដែរថា តារាចម្រៀង វី ឌីណែត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ម្តាយនាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺនេះនៅថ្ងៃបន្ទាប់ និងបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ប្អូនស្រីពៅរបស់នាងក៏ត្រូវបានរកឃើញវិជ្ជមានជំងឺដ៏កាចសាហាវមួយនេះកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅនិងបានជាសះស្បើយកាលពីថ្ងៃទី០២ ខែមេសានេះ ។ បងស្រីបង្កើតរបស់នាងដែលមានផ្ទៃពោះជាង៧ខែនោះក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី២២ ខែមីនា កន្លងទៅ ដោយមានស្វាមីស្ម័គ្រចិត្តនៅមើលថែនៅម្ទីរពេទ្យព្យាបាលអ្នកជំងឺកម្រិតស្រាលផងដែរ។ យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បាន បញ្ជាក់ពីការបន្តឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦៨នាក់ ជាសះស្បើយ ។គិតត្រឹម ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៦៨៩នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២១៥៩នាក់, អ្នកជាសះស្បើយចំនួន ១៦៥៣នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ១០១២នាក់, អ្នកស្លាប់ចំនួន ១៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕

ដោយ៖ វឌ្ឍនា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច